គ.ជ.ប ចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត

ពេញ៖ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតបានធ្វើការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ ជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកដែលទើបបង្កើតថ្មីចំនួន ៥ រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ។

លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ថ្លែងប្រាប់សារព័ត៌មាន Khmercm នៅថ្ងៃទី ២ ខែកុម្ភៈនេះថា សម្រាប់ការបោះឆ្នោតឡើងវិញដើម្បីជ្រើសរើសក្រុមប្រឹក្សាបង្កើតថ្មីចំនួន ៥ ខាងលើនេះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតជាអ្នកររៀបចំចាប់លេខរៀងកំណត់នៅក្នុងសន្លឹកឆ្នោត ដោយក្នុងខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ បានចាប់រួចហើយ ខណៈ នៅខេត្តកណ្តាល មិនទាន់បានចាប់ឆ្នោតនៅឡើយទេ ព្រោះ កំពុងស្ថិតនៅក្នុងដំណើការចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ ។

លោកបន្តថា បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃទី ៩ ខែកុម្ភៈនេះ នឹងរៀបចំការចាប់ហើយ ។ក្រោយការចាប់ឆ្នោតលំដាប់លេខរៀងនៅក្នុងសន្លឹកឆ្នោតនេះ សម្រាប់ប្រើប្រាស់ បោះពុម្ភសន្លឹកឆ្នោតចំនួន ៧០០ សន្លឹក សម្រាប់យកទៅប្រើប្រាស់ការបោះឆ្នោត
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ចំណែកការបោះពុម្ភ គឺគជបផលិតដោយខ្លួនឯង មិនត្រូវចំណាយថវិកានោះទេ។

លោកថ្លែងថា៖ «ការបោះបោះឆ្នោតឡើងវិញសម្រាប់ក្រុមប្រឹក្សា នៃក្រុងស្រុកដែលទើបបង្កើតថ្មីនេះ គឺជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោត គឺមានតែក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខដំណែង ។ ប្រជាពលរដ្ឋ មិនមានសិទ្ធិបោះឆ្នោតនោះទេប៉ុន្តែ តំណាងរបស់ពួកគេ ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត នៅក្នុងក្រុងស្រុកដែលទើបបង្កើតថ្មីទាំងអស់នោះ មានសិទ្ធិក្នុងការបោះឆ្នោតនេះ»។

រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានចេញអនុក្រឹត្យចំនួន ៤ បង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។

អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។

តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះ៕ ដោយ៖ ពុទ្ធិពល