ក្រសួងមហាផ្ទៃកំពុងរៀបចំសេចក្តីព្រាង MOU រវាងកម្ពុជា និងកូរ៉េ ពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងកិច្ចប្រជុំ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់ និងពិភាក្សាផ្តួចផ្តើមរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើងយោងតាមចំណារ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូនលោកស្រី ដើម្បីដឹកនាំប្រជុំពិន្យរៀបចំ និងផ្តល់យោបល់។

លោកស្រី បន្តថា ដើម្បីឈានទៅដល់ការរៀបចំសេចក្តីព្រាងអនុស្សរណៈទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីទំនាក់ទំនង និងទិន្នន័យពាក់ព័ន្ធមួយចំនួន ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងអនុស្សរណៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងប្រទេសទេសទាំងពីរ។

លោកស្រី បញ្ជាក់ន្ថែមថា មុននឹងឈានដល់ការការបង្កើតគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈទ្វេភាគីនេះឡើង គឺបន្ទាប់ពីមានការការពិភាក្សា និងឆ្លងឆ្លើយតាមរយៈលិខិតផ្លូវជាការរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនិងលោក ស៊ិន ចាយ៉ុង អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សា និងពិគ្រោះយោបល់គ្នាលើបទពិសោធន៍ពាក់ព័ន្ធ និងធាតុចូលសំខាន់ៗនានាពីគ្រប់សមាជិកអង្គប្រជុំដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់យកជាខ្លឹមសារសម្រាប់ដាក់បញ្ចូលក្នុងអនុស្សរណៈយោគយល់ទ្វេភាព មានភាពគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពទូលំទូលាយ លើកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរឱ្យប្រសិទ្ធភាពខ្ពស់។

បើតាម លោកស្រី ជូ ប៊ុនអេង កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងត្រូវរៀបចំជាបន្តបន្ទាប់ទៀតដើម្បីពិភាក្សាគ្នាលើវឌ្ឍនភាព និងរហូតឈានដល់ទទួលបានការឯកភាពគ្នាទាំងស្រុង។ ទន្ទឹមនេះ លោកស្រី ក៏បានណែនាំឱ្យសមាជិកនៃអង្គប្រជុំជួយសិក្សាស្រាវជ្រាវ និងរៀបចំធាតុចូលសំខាន់ៗបន្ថែមទៀតសម្រាប់បំពេញបន្ថែមនៅក្នុងកិច្ចប្រជុំពេលក្រោយ៕ ដោយ៖ ពុទ្ធិពល