ត្បូងឃ្មុំ៖ រដ្ឋបាលស្រុកមេមត់នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណក្នុងបឹងត្រពាំងក្រមស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់កាលពីទី៣១ ខែមករា ឆ្នាំ២០២៣ឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកស្រី ។
បើតាមរដ្ឋបាលស្រុកមេមុត ជារៀងរាល់ឆ្នាំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាឧត្តមភរិយា តែងតែដឹកនាំមន្ត្រីរាជការ អញ្ជើញទៅដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចុះចាប់ត្រី យកមកចំអិន ជួបជុំពិសារយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
សូមជម្រាបផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ៕ ដោយ៖ ពុទ្ធិពល