ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។
វគ្គ៤ «ការឧបត្ថម្ភ ដល់អ្នកធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់»
ការជួយដល់កម្មករនិយោជិត គឺជាអម្រែកដ៏ធ្ងន់មួយ ហើយការជួយដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារកូវីដ-១៩ ក៏ជាអម្រែកមួយទៀត។ ឥឡូវនេះកត្តាសំខានបំផុត គឺប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នៅបានគិតគូរឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងដែលជាប់ក្នុងតំបន់បិទខ្ទប់ទៀតផង។ ក្នុងនោះ នៅចុងខែមករា ឆ្នាំ២០២១ មុនការផ្ទុះ ព្រឹត្តិការណ៍ ២០កុម្ភៈឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបន្តបរិច្ចាគឧបត្ថម្ភថវិកាឧបត្ថម្ភប្រមាណ១០០លានរៀល ដល់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំកន្លែងធ្វើចត្តាឡីស័ក និងផ្គត់ផ្គង់ដល់ពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃវិញ ហើយកំពុងធ្វើចត្តាឡីស័ក។ នៅអំលុងពេលនេះ ឥទ្ធិពលនៃការឆ្លងកូវីដ-១៩ នៅខេត្តសមុទ្រសាខន ប្រទេសថៃ ធ្វើឱ្យពលករខ្មែរដែលធ្វើការនៅថៃបានចេញមកប្រទេសកម្ពុជាវិញជិត២ម៉ឺននាក់។ ក្នុងនោះ គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ពលករខ្មែរ មកពីប្រទេសថៃទាំងនេះ បានរកឃើញថា វិជ្ជមានជំងឺកូវីដ- ១៩ ចំនួន៨៤នាក់ និងជំហានដំបូងព្យាបាលជាសះស្បើយ៤៥នាក់។
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាង៣០០នាក់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាលើកដំបូង បានទទួលការឧបត្ថម្ភ ជាម្ហូបអាហារ និងអង្ករពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈអភិបាលរាជធានីភ្នំពេញ។
តាមរយៈសារជាសំឡេងពិសេសដ៏វែងមួយ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គឺ ជិត២ខែ បន្ទាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើឱ្យរញ្ជួយញាប់ញ័រ សម្តេចតេជោ បាន ប្រកាសឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងស្ថិតក្នុង តំបន់បិទខ្ទប់។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ចំពោះគ្រួសារដែលមាន សមាជិកទទួលរងកូរីដ-១៩ តែមិនមានអ្នកស្លាប់រដ្ឋនឹងជួយបង់ជំនួសសម្រាប់ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីក្នុងកម្រិតអប្បបរមាសមស្របមួយក្នុងរយៈពេល៣ខែ ចាប់ពីខែដែលសមាជិកម្នាក់នៃគ្រួសារនោះបានឆ្លងកូវីដ-១៩ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ មានន័យថា ក្រុមគ្រួសារណាដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ គឺរដ្ឋនឹងជួយបង់នូវថ្ងៃទឹក ថ្ងៃភ្លើងរយៈពេល៣ខែ។
ប៉ុន្តែ គ្រួសារខ្លះ ក្នុងមួយគ្រួសារមានសមាជិក៥នាក់កើតទាំង៥នាក់ មិនទទួលបានទាំង៥នាក់នោះ ទេ គឺត្រូវឧបត្ថម្ភជារួមជាមួយគ្នា ហើយចំពោះគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅ តំបន់ដែលត្រូវអនុវត្តវិធានការបិទខ្ទប់រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺនរៀលក្នុងមួយគ្រួសារ ព្រមទាំងជួយបង់ជំនួសនូវថ្ងៃប្រើប្រាស់ទឹកនិងអគ្គិសនីក្នុងកម្រិតអប្បបរមា សមរម្យមួយសម្រាប់រយៈពេល២ខែ គិតចាប់ពីខែ ដែលអាជ្ញាធរមានសមត្ថកិច្ចដាក់ឱ្យអនុវត្តវិធានការបិទខ្ទប់។ ចំពោះអ្នកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលរៀបរយ និងនៅតាមក្រៅតំបន់បិទខ្ទប់ គឺត្រូវបានទទួលនូវការជួយឧបត្ថម្ភតាមគោលការណ៍ដែលកំពុងត្រូវបានអនុវត្តជាធរមាន។ ក្រៅពីនេះ សម្ដេច ហ៊ុន សែន ក៏បានចេញបទបញ្ហាផងដែរឱ្យសាលារាជធានីភ្នំពេញ និងគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសអនុវត្តដូចៗគ្នា គឺត្រូវផ្តល់អង្ករក្នុងមួយគ្រួសារចំនួន២៥គីឡូក្រាម មីមួយកេសតូចនិងត្រីខ២០កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗទទួលទាន។
សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា ចំពោះសម្រាប់កម្មករ កម្មការិនី ដែលពាក់ព័ន្ធទៅនឹងកូរីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក បើទោះបីក្នុងផ្ទះមានតែម្នាក់ឯងក៏ចាត់ទុកថា ស្មើនឹងមួយគ្រួសារដែរ។ ដូច្នេះ អភិបាលរាជធានីភ្នំពេញ និងបណ្តាអភិបាលខេត្ត ត្រូវចាត់ទុកថា មនុស្សម្នាក់ ដែលនៅតាមផ្ទះជួលម្នាក់ឯង ដែលនៅឆ្ងាយពីគ្រួសារគឺជាគ្រួសារមួយ។ ប៉ុន្តែ សម្រាប់ថ្ងៃទឹកឬភ្លើងរបស់កម្មករកម្មការិនី គឺត្រូវបង់ជាបន្ទប់ ទោះបីមួយបន្ទប់មានគ្នា២ ឬ៣នាក់ក្តី។ រដ្ឋជួយបង់ថ្លៃទឹក និងភ្លើងរយៈពេល៣ខែ ប៉ុន្តែកម្មករ កម្មការិនីដែលធ្វើចតាឡីស័ករដ្ឋជួយបង់រយៈពេល២ខែ និងការជួយឧបត្ថម្ភផ្សេងៗទៀត។ ដូច្នេះ ការឧបត្ថម្ភនេះ មិនមែនសម្រាប់តែអ្នកឆ្លងកូវីដ-១៩ មកសម្រាកមន្ទីរពេទ្យទេ គឺសម្រាប់ទាំងក្រុមគ្រួសាររបស់អ្នកជំងឺផងដែរ។
ការជួយបែបនេះ ដោយសារសម្ដេចយល់ឃើញថាកាលណាមានក្រុមគ្រួសារមកនៅសម្រាកនៅមន្ទីរពេទ្យ បុគ្គលម្នាក់ជាឪពុក ឬជាម្ដាយ ឬជាបងប្អូនមកព្យាបាលនៅមន្ទីរពេទ្យទោះបីទទួលការឧបត្ថម្ភនៅមន្ទីរពេទ្យប៉ុន្តែក្រុមគ្រួសារ ក៏ត្រូវបានទទួលការឧបត្ថម្ភដែរ។ អ្នកមកមន្ទីរពេទ្យ គឺរដ្ឋទទួលបន្ទុកចិញ្ចឹម ថែទាំ និងព្យាបាលដោយឥតគិតថ្លៃ ហើយក្រុមគ្រួសារក៏ត្រូវបានទទួលជំនួយឧបត្ថម្ភ ព្រោះត្រូវធ្វើចត្តាឡីស័ក។ ដើម្បីប្រសិទ្ធភាពការងារសម្ដេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចនេះជូនឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអំឡុងពេលនោះ ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកម្រិតកំណត់ទៅលើកម្រិតអប្បបរមាសមរម្យជាមួយនឹងស្ថាប័នអគ្គិសនីកម្ពុជាជាមួយនឹងរដ្ឋាករទឹកដែលគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលមានជីវភាពមធ្យមស្ថិតក្នុងតំបន់បិទខ្ទប់(Lockdown) ឬកំពុងធ្វើចត្តាឡីស័កក្នុងកម្រិតណាមួយ ហើយមិនមានការចាំបាច់ក្នុងការទទួលយកការឧបត្ថម្ភពីរដ្ឋទាំងថ្ងៃទឹកថ្លៃភ្លើង និងជំនួយដទៃទៀតដើម្បីទុកលទ្ធភាពឱ្យរដ្ឋប្រើប្រាស់ជំនួយនេះឧបត្ថម្ភចំពោះអ្នកដែលមានជីវភាពខ្វះខាតជាង។
ដោយការប្ដេជ្ញាចិត្ត និងគិតគូរខ្ពស់ សម្តេច ហ៊ុន សែន បានអះអាងដោយម៉ឺងម៉ាត់ជាថ្មីថា សម្ដេចបានត្រៀមស្បៀងអាហារជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ករួចរាល់ហើយ ដោយមិនបណ្ដោយឱ្យប្រជាជនណាម្នាក់ដាច់ពោះស្លាប់ដោយសារការអត់ឃ្លាននោះទេ។ សម្តេច បានបញ្ជាទៅអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ឱ្យដឹកអង្ករនិងមីជាបន្ទាន់ទៅផ្គត់ផ្គង់ឱ្យប្រជាជនក្នុងតំបន់បិទខ្ទប់និងជាប់កាតព្វកិច្ចធ្វើចតាឡីស័ក។
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃបុណ្យចូលឆ្នាំដែលត្រូវបានរាជរដ្ឋាភិបាលឱ្យផ្អាក និងបន្ទាប់ពីមានមនុស្សធ្វើឱ្យបែកសំឡេងរបស់សម្ដេចជាសាធារណៈ ស្ដីពីការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្ដាលហើយបណ្តាលឱ្យមនុស្សទូទាំងប្រទេសផ្អើលឆោឡោនាំគា្នទៅទិញស្បៀងអាហារទុកភ្លូកទឹកភ្លូកដី សម្ដេច ហ៊ុន សែន បាន មានប្រសាសន៍ជាថ្មីថា មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទ។
ដោយសារបញ្ហាស្បៀង និងថ្ងៃទឹកភ្លើង តំបន់បិទខ្ទប់នៅតែជាបញ្ហាធំសម្រាប់ប្រជាពលរដ្ឋ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលការផ្ដល់ថវិកា៣០ម៉ឺនរៀលសម្រាប់អ្នកធ្វើចត្តាឡីស័កទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ។ សម្តេចតេជោ បានពន្យល់ថា កម្មវិធីឧបត្ថម្ភប្រាក់បែបនេះអាចអនុវត្តបានតែនៅកន្លែងធ្វើចត្តាឡីស័កដាច់ដោយឡែកដោយដុំតែប៉ុណ្ណោះ មិនអាចធ្វើក្នុងតំបន់បិទខ្ទប់ដូចជារាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះទេ។ សម្តេចតេជោ ក៏បានស្នើឱ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះការកែប្រែនេះ ព្រោះរាជរដ្ឋាភិបាលពុំមានជម្រើសអ្វីផ្សេងពីនេះនោះទេ។
ការកែប្រែរបស់សម្ដេចនៅពេលនេះ ដោយសារចំនួនគ្រួសារដែលត្រូវទទួលប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀលបានកើនឡើងពី ១ម៉ឺន ឬ២ម៉ឺនគ្រួសារទៅរាប់សិបម៉ឺន(ជិតកន្លះលាន)គ្រួសារខុសពីការរំពឹងទុករបស់រាជរដ្ឋាភិបាល។ សម្ដេចបញ្ជាក់ថា យើងអាចធ្វើបានតែនៅតាមទីកន្លែងដែលមានម្នាក់ឬពីរនាក់ ឬ៤ ទៅ៥នាក់ នៅក្នុងស្រុកមួយតែប៉ុណ្ណោះ។ ប៉ុន្តែមិនអាចធ្វើនៅទូទាំងរាជធានីដែលមានមនុស្សរាប់លាននាក់នោះឡើយ។
ដូច្នេះ សូមបងប្អូនមេត្តាយោគយល់ ហើយបញ្ឈប់ការទាមទារប្រាក់៣០ម៉ឺនរៀលនេះតទៅទៀត។ ប៉ុន្តែ គ្រប់ក្រុមគ្រួសារ អាចទទួលបាននូវការឧបត្ថម្ភ ជាត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ជំនួសវិញ។
ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញវិធានការបិទខ្ទប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលានិងបានផ្តល់ជំនួយសង្គមកិច្ច ស្បៀងអាហារ ដើម្បីដោះស្រាយការហូបចុកក្នុងគ្រាដែលឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។
ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាជន កម្មករ និយោជិត នៅថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានចេញសារលិខិតមួយស្តីពីការចាប់ផ្ដើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្នុងកម្មវិធីផ្ដល់ជំនួយសង្គមកិច្ច ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាព និងគ្រួសារពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សារលិខិតបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២១ ទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារដែលមានសាវតារ ដូចខាងក្រោម៖ ១៖ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។ ២៖ កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និង៣៖ ប្រជាពលរដ្ឋ និងគ្រួសារប្រ ជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូរីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិង គ្រួសារប្រជាព លរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូរីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០ ២១ នៅទូទាំងប្រទេស។
ចំពោះប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាកផ្នែកជីវភាពរស់ នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមិនទាន់ត្រូវបានកំណត់អត្តស ញ្ញាណនៅឡើយ មេត្តារួសរាន់ទាក់ទងអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការសម្ភាស និងកំណត់អត្ត សញ្ញាណនៅតាមឃុំ សង្កាត់ ដើម្បីទទួលបាន ការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះនៅជំហាន បន្ទាប់។
តាមរបាយការណ៍ស្តីពីការប្រើប្រាស់ថវិកាដើម្បីស្រោចស្រង់ ឬជួយប្រជាជន ក្នុងតំបន់បិទខ្ទប់ ឬចត្តាឡីស័ក ត្រូវបានក្រសួងផែនការបង្ហាញថា ទឹកប្រាក់សរុប ប្រមាណជាង ៤លានដុល្លារ អាម៉េរិក នឹងត្រូវបើកជូនប្រជាពលរដ្ឋខ្វះខាតដែលរង ផលប៉ះពាល់នៅក្នុងតំបន់បិទខ្ទប់ក្នុង រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ សរុបជាង៦ម៉ឺននាក់។
ការកែប្រែវិធាននៃការផ្តល់ប្រាក់ឧបត្ថម្ភទៅជាស្បៀងអាហារវិញ ត្រូវក្រុមប្រឆាំងក្រៅប្រទេស រិះគន់និងវាយប្រហារថា ការធ្វើបែបនេះដោយសាររាជរដ្ឋាភិបាល សម្ដេចតេជោ ជិតក្ស័យធន ឬក្ស័យធនទៅហើយ។ ដើម្បីឆ្លើយតបទៅក្រុមប្រឆាំងទាំងនេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយស្ដីពី ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន មានប្រសា សន៍ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជាបានសន្សំថវិកាប្រមាណ៣ពាន់ លានដុល្លារសហរដ្ឋអាម៉េរិក ថវិកានេះរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅ ហើយ។ ជាងនេះទៀត កម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បើកប្រាក់ប្រចាំខែជូនមន្ត្រី រាជការ គឺមិនដូចការឃោសនាបោកប្រាស់របស់ជនអគតិមួយក្តាប់តូចនោះទេ។
សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា ក្នុងបរិបទកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាក្នុង១ខែចំនួន៤០លានដុល្លារសហរដ្ឋអាម៉េរិក ជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណជាង៧០ម៉ឺន គ្រួសារ និងកម្មករ និយោជិត ដែលបាត់បង់ការងារ៕ ដោយ៖ គង់ សេដ្ឋាមុនី