ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។
វគ្គ៤ «ចរិតលក្ខណៈ និងមនោសញ្ចេតនា»
តាមការសង្កេតខាងក្រៅ និងការលើកឡើងរបស់មិត្តភក្តិលោកមួយចំនួន លោក ហ៊ុន ម៉ាណែត ជាមនុស្សស្ងៀមស្ងាត់ នឹងធឹង ម៉ឺងម៉ាត់ ហ្មត់ចត់ និងមិនចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចលេងសើចច្រើនទេ។ អ្វីដែលលោកនិយាយជាទូទៅគឺនិយាយអំពីសាច់ការ នៃការងារ។ លោកកម្រប្រតិកម្មចំពោះរឿងហេតុអ្វីមួយឱ្យគេដឹងណាស់ ទោះបីរឿងខ្លះ ធ្វើឱ្យលោកថ្នាំងថ្នាក់ ឬអាក់អន់ស្រពោនចិត្ត គឺយ៉ាងច្រើនត្រឹមតែនិយាយថា ថ្ងៃក្រោយកុំឱ្យមានរឿងបែបនេះកើតឡើងម្តងទៀត។
តាមរយៈសុន្ទរកថារបស់លោកនៅទីសាធារណៈ គេកម្រឃើញលោកនិយាយបែបកំប្លែងដូចសម្តេច ហ៊ុន សែន ដែលជាឪពុករបស់លោកណាស់។ ច្រើនបំផុតលោកបញ្ចេញនូវស្នាមញញឹមទៅកាន់អ្នកចូលរួម។
មនុស្សជិតស្និទ្ធជាច្រើននាក់តំណាលថា លោក ម៉ាណែត មានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្រួសារ បងប្អូន និងមិត្តភក្តិ ប៉ុន្តែ អ្នកទាំងនេះមិនអាចពឹងពាក់លោក ក្នុងការស្វែងការងារធ្វើបានទេ។ អ្នកដែលចង់ពឹងពាក់លោកឱ្យជួយរកការងារឱ្យធ្វើគឺត្រូវតែមានសមត្ថភាពដោយខ្លួនឯង ហើយត្រូវប្រឡងចូលក្របខ័ណ្ឌដូចអ្នកដទៃដែរ។
ជាធម្មតាក្នុងសង្គមគ្រួសារកម្ពុជានីមួយៗ មិនថាគ្រួសារតូច ឬធំ មានឬក្រ ស្រី ឬប្រុស អ្នកដែលទទួលខុសត្រូវលើការមើលថែទាំប្អូនៗ បន្ទាប់ពីឪពុកម្តាយ គឺកូនច្បងនេះហើយ។
គេអាចមើលឃើញពីសកម្មភាព ឬកាយវិការ ឬភាពម៉ឺងម៉ាត់ហ្មត់ចត់របស់លោក តាមរយៈការប្រឡងជ្រើសរើសចូលក្របខ័ណ្ឌកងទ័ព។ ការប្រឡងក្របខ័ណ្ឌកងទ័ព ឬនាយទាហានសកម្ម លោកផ្តល់ពាក្យគន្លឹះតែមួយប៉ុណ្ណោះ ចេះ គឺជាប់ ហើយសូមកុំពឹង ឬសូក ប៉ាន់អ្នកដទៃដើម្បីបានជាប់។
តំណាងរាស្រ្តវ័យក្មេងលោក ហ៊ុន ម៉ានី ប្អូនប្រុសទី៣របស់លោក និងប្អូនៗដទៃទៀត ធ្លាប់ទទួលនូវដំបូន្មានដ៏ធ្ងន់ធ្ងរម្តងដោយសារពួកគេមិនបានផ្តល់ដំណឹងអំពីឯកសារពីសាកលវិទ្យាល័យអន្តរជាតិមួយ ដែលគេបានផ្ញើជូនលោក ហ៊ុន ម៉ាណែត ពីលទ្ធផល នៃការធ្វើតេស្ត និងដាក់ពាក្យចូលរៀន។ លោក ហ៊ុន ម៉ានី បន្ទាប់ពីបានទទួលឯកសារនេះហើយ មិនបានជូនដំណឹងដល់លោក ហ៊ុន ម៉ាណែត ទេ ធ្វើឱ្យលោក ម៉ាណែត យល់ថា ការដាក់ពាក្យចូលរៀនរបស់លោកនៅសាកលវិទ្យាល័យមួយនោះបរាជ័យ ទើបធ្វើឱ្យលោកជ្រើសរើសយកសាលាផ្សេងទៀត។ ប៉ុន្តែ ទីបំផុត ក្រោយពី ម៉ាណែត បានជាប់ចូលរៀននៅសាលាផ្សេងហើយ ទើបលោក ម៉ានី បង្ហាញឯកសារ គឺ ម៉ាណែត ជាប់អាចចូលរៀនបាន។
ក្រោយពីដឹងរឿងនេះ លោក ម៉ាណែត មិនខឹង មិនស្តីបន្ទោសប្អូនៗនោះទេ គ្រាន់តែមានទឹកមុខស្មើ និងបានផ្តល់ដំបូន្មាន និងលើកទឹកចិត្ត កុំឱ្យធ្វើបែបនេះទៀតនៅលើកក្រោយ។ កាលពីកុមារភាព ម៉ាណែត ចូលចិត្ត របស់៣យ៉ាង ដែលគេកម្របានដឹង គឺឯកសណ្ឋាន ឬសម្ភារៈរបស់កងទ័ព អាណិតមាន់ និងការចិញ្ចឹមត្រីក្រឹម។
សម្តេច ហ៊ុន សែន មានប្រសាសន៍កត់សម្គាល់លើចរិតលក្ខណៈរបស់ លោក ហ៊ុន ម៉ាណែតថា “នៅមុនពេលដែល ម៉ាណែត បានមកដល់ភ្នំពេញ ម៉ាណែត មិនទាន់មានអ្វីច្រើនទេ គឺគេទើបតែនឹងចេះនិយាយតែប៉ុណ្ណោះ។ ប៉ុន្តែ កូនមួយនេះ ខ្ញុំអាចកត់សម្គាល់ថាពីតូចគេចូលចិត្តឯកសណ្ឋានជាទាហាន។ គឺចូលចិត្តណាស់។ មានរូបភាពខ្លះ ម៉ាណែតពាក់ខោអាវកងទ័ពជើងទឹកតាមលទ្ធភាពដែលយើងមានកាលពីពេលនោះ ហើយមានពេលខ្លះ គឺគេមានជារបៀបស្រោមកាំភ្លើង និងកាំភ្លើងជ័រពីជំនាន់នោះ។ ក្រៅពីនោះ ម៉ាណែត ចូលចិត្តអាណិតមាន់ នៅពេលគេបានធំបន្តិច។
នៅពេលដែលគេទៅផ្សារ ហើយឃើញគេលក់មាន់ ឃើញមានព្យួរ គេអាណិតមាន់ ដូច្នេះគេតែងតែទិញមាន់យកមកទុកឡើងពេញក្នុងផ្ទះ។ មួយទៀតម៉ាណែត ក៏ចូលចិត្តចិញ្ចឹមត្រីក្រឹម គេចង់បានត្រីក្រឹម។ នេះជាចំណង់ចំណូលចិត្ត។ ជាការសង្កេត កូននេះ ទី១ គឺចូលចិត្តឯកសណ្ឋានកងទ័ព ទី២ ចូលចិត្តមាន់។ គេមិនមែនជាអ្នកជល់មាន់ទេ ក៏ប៉ុន្តែ គេអាណិតមាន់ គេចង់បានមាន់ ហើយពេលនោះ ខ្ញុំមិនមានកូនច្រើនទេ កូននៅតូចៗ ហើយមាន់ក៏វាច្រើន ហើយទី៣ គឺគេចូលចិត្តចិញ្ចឹមត្រីក្រឹម។ ប៉ុន្តែ មិនមែនជាអ្នកជល់ត្រីក្រឹមទេ។
កូននេះ មិនលេងអ្វីផ្តេសផ្តាសនោះឡើយ។ ឯការលេងសើចទៀត ក៏គេមិនជាអ្នកលេងសើចជ្រុលហួសហេតុទេ គឺអាចលេងជាមួយប្អូនៗរបស់គេ គេអាចលេងជាមួយអ្នកដទៃតាមរបៀបជាកុមារធម្មតា ឬអាចថាជាយុវជនធម្មតា ដែលមិនមានភាពច្រឡើសបើស ឬក៏ភាពហួសហេតុ នៃការលេងសើច។ ម៉ាណែត ក៏គ្មានចំណូលចិត្តជាមួយនឹងមធ្យោបាយល្អៗនោះដែរ។ កូនមួយនេះ និយាយរួមកូនខ្ញុំទាំងអស់ គ្មានភ័ព្វសំណាងបានម៉ូតូជិះនោះទេ។ ខ្ញុំមិនអនុញ្ញាតឱ្យកូនខ្ញុំជិះម៉ូតូ បើទោះបីខ្ញុំមានលទ្ធភាព។ ខ្ញុំឱ្យកូនខ្ញុំជិះកង់ទៅរៀន។ មិនឱ្យជិះម៉ូតូ ហើយមិនទិញម៉ូតូឱ្យ ហើយក៏មិនឱ្យជិះរថយន្ត ព្រោះគ្មានរបបសម្រាប់កូននាយករដ្ឋមន្រ្តីទៅរៀនដោយមានឡានជូនដំណើរ។ កូនខ្ញុំទាំងអស់ គឺដើរទៅរៀនដោយថ្មើរជើង បន្ទាប់ទៅពួកគេជិះកង់ទៅរៀន។
នេះជារបៀបនៅក្នុងគ្រួសាររបស់ខ្ញុំ។ ឥឡូវគឺករណីផ្សេង ដោយពួកគេធំដឹងក្តីអស់ហើយ មានប្រពន្ធ មានកូន មានប្តី។ ដូច្នេះ នេះជារឿងមួយផ្សេងទៀត ប៉ុន្តែ នេះជាការបញ្ជាក់អំពីចំណង់ចំណូលចិត្តរបស់ម៉ាណែត ឬក៏ជាចំណង់ចំណូលចិត្តរបស់កូនៗដទៃទៀតដែរ។
លោក ហ៊ុន ម៉ានី ដែលបង្ហាញពីការប្រយ័ត្នប្រយែងក្នុងការនិយាយ ពេលខ្លះបង្ហាញពីទឹកមុខស្ងួតម៉ឺងម៉ាត់ ហ្មត់ចត់ ពេលខ្លះ ក៏ផ្ទុះសំណើច បានឱ្យដឹងថា ក្នុងដំណាក់កំពុងសិក្សានៅក្រៅប្រទេស ទោះបីជាបងប្អូននឹងគ្នា ប៉ុន្តែ ពួកលោកកម្របានជួបគ្នាណាស់ ព្រោះត្រូវរៀននៅប្រទេសផ្សេងៗគ្នា។ ពួកលោកអាចជួបគ្នាបានតែអំឡុងពេលវិស្សមកាល ឬណាត់ជួបគ្នាម្តងម្កាលប៉ុណ្ណោះ។ ដូច្នេះ សុខទុក្ខរវាងបងប្អូនលោកទាំងអស់ មិនសូវបានដឹងពីគ្នាទៅវិញទៅមកប៉ុន្មានទេ ហើយអ្វី ដែលមានមតិលើកឡើងថា លោក ម៉ាណែត ហាក់មិនសូវមានមនោសញ្ចេតនា ឬមានអាការៈស្ងប់ស្ងាត់ អាចខុសខ្លះត្រូវខ្លះ ព្រោះចរិតពិតរបស់មនុស្ស គេមិនអាចមើលឃើញត្រឹមតែសម្បកក្រៅទេ។
លោក ហ៊ុន ម៉ានី បានលើកពីការប្រៀបយ៉ាងប៉ិនប្រសប់ថា គេមិនអាចយល់ថា កូនៗរបស់លោក ស៊ីន ស៊ីសាមុត មានចរិត ឬច្រៀងពីរោះដូចលោក ស៊ីន ស៊ីសាមុត ទេ។ គេក៏មិនអាច គិតថា ប្អូនៗរបស់លោកគង់ សំអឿន មានទេពកោសល្យសម្តែងបានល្អ ដូចលោកគង់ សំអឿនដែរ។ ជាពិសេសសម្រាប់សារនយោបាយ គេមិនអាចវាយតម្លៃថា លោក ចច ដាប់បិលយូប៊ូស (Georg W bus) ដឹកនាំសហរដ្ឋអាម៉េរិកល្អជាង ឬអន់ជាងឪពុករបស់លោក គឺ ចច ប៊ូស(Georg Bus) នោះទេ ឯលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ក៏មិនប្រាកដថាមានចរិតលក្ខណៈដូចគ្នាបេះបិទជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបងប្រុសរបស់លោកស្រីដែរ។ ដូចគ្នានេះដែរ គេក៏មិនអាច ប្រៀបធៀបរបៀបដឹកនាំ ឬគ្រប់គ្រងប្រទេស របស់លោក នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថា ដឹកនាំអន់ ល្អជាង ឬដូចគ្នាទៅនឹងឪពុករបស់លោក គឺលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរីដែរ ព្រោះមនុស្សមានចរិតលក្ខណៈទេពកោសល្យពីកំណើតផ្សេងៗគ្នា។
ការលើកឡើងកុំឱ្យមានការប្រៀបធៀបធ្វើឱ្យមានការពិចារណា យ៉ាងល្អឥតខ្ចោះនេះ អាចជាការបង្ការ ឬរារាំងទៅដល់ការរិះគន់ អំពីការដឹកនាំ ឬគ្រប់គ្រងប្រទេស របស់លោក ហ៊ុន ម៉ាណែត ដែលនឹងឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្រ្តី មកពីគណបក្សប្រជាជនកម្ពុជា បន្តពីសម្តេច ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត ត្រូវគណបក្សប្រជាជនកម្ពុជាគាំទ្រជាឯកច្ឆន្ទ ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តពីសម្តេច ហ៊ុន សែន កាលពីចុងឆ្នាំ២០២១។ ការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីនេះ ត្រូវបានក្រុមអ្នកប្រឆាំង ប៉ុន្មាននាក់នៅក្រៅប្រទេសលើកឡើងថា ជាការបន្តអំណាចពីឪពុកទៅកូន មិនមែនតាមបែបប្រជាធិបតេយ្យ។
ការលើកឡើងរបស់ក្រុមអ្នកប្រឆាំងក្រៅស្រុកដែលតែងបំពងសំឡេងឱ្យគេឮ និងយល់ថា ពួកគេគឺជាអ្នកចេះ ជាអ្នកស្នេហាជាតិនោះ គឺខុសស្រឡះពីគោលការណ៍ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
មន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជាបានពន្យល់ថា គោលការណ៍ប្រជាធិបតេយ្យ គណបក្សប្រជាជនបានអនុវត្តទាំងក្នុងផ្ទៃបក្ស មិនមែនត្រឹមកម្រិតថ្នាក់ជាតិនោះទេ។ គឺមានន័យថា មុនធ្វើអ្វីមួយ ឬសម្រេចអ្វីមួយគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើឡើងដោយការបោះឆ្នោត ហើយបោះដោយសម្ងាត់ មិនមែនបោះដោយការលើកដៃ ដូចបក្សដទៃទេ សូម្បីការជ្រើសរើសរូបទេវតាបាចផ្កា ជារូបសញ្ញាគណបក្ស ក៏គណបក្សប្រជាជនត្រូវបោះឆ្នោតជ្រើសរើសជាច្រើនលើកច្រើនសា ទម្រាំទទួលបាន នូវរូបសញ្ញាទេវតាបាចផ្កា ដូចបច្ចុប្បន្ន។
រូបទេវតាបាចផ្កា ត្រូវបានព្រៀងឡើងដោយលោក ថោង ខុន បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅអំឡុងឆ្នាំ១៩៨៥ ហើយដាក់ជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេច ខណៈនៅមុននេះ រូបសញ្ញាជាច្រើន ដូចជា រូបដើមត្នោត រូបកសិករជិះក្របី រូបគោ រូបកសិករឡើងត្នោតជាដើម ត្រូវបានដាក់ឆ្លងគណៈអចិន្រ្តៃយ៍មជ្ឈិមបក្ស ហើយត្រូវបានបដិសេធ ដោយអះអាងថា រូបទាំងនេះ មិនបង្ហាញពីទស្សនជាតិទាំងមូល ឬជារូបដែលមានគេធ្លាប់ប្រើ។
សម្តេច ហ៊ុន សែន បន្ទាប់ពីទទួលបានគំនូសព្រាងនេះ ក៏យកឱ្យវិចិត្រករគូសឡើងវិញឱ្យកាន់តែប្រសើរ ហើយដាក់ឆ្លងគណៈកម្មការវាយតម្លៃ ដោយសម្តេចពន្យល់ពីហេតុផល ដ៏ត្រឹមត្រូវថា រូបទេវតាបាចផ្កា គឺមិនប្រកាន់និន្នាការនយោបាយទេ។ ប្រជាជនខ្មែរទូទាំងប្រទេសគោរព និងស្រឡាញ់ទេវតា។ ទៅណាមកណា ឬជួបគ្រាអាសន្ន គឺពួកគេបន់ស្រន់ទេវតា ឱ្យជួយពួកគេ។ ដូច្នេះ ទេវតា តំណាងឱ្យអ្នកជួយសង្រ្គោះគ្រប់ កាលៈទេសៈ គ្រប់មនុស្សមិនប្រកាន់និន្ននាការ និងបាចផ្កាប្រោះព្រំ ប្រទានពរជ័យគ្រប់ប្រការដល់ប្រជាជនផងដែរ។ និយាយរួម រូបទេវតាបាចផ្កា គឺជានិម្មិតរូប នៃការជួយសង្រ្គោះ និងប្រទានពរជ័យ សព្វសាធុការដល់ប្រជាជនគ្រប់រូប។ ទេវតា ជាសេនារបស់ព្រះឥន្រ្ទ ដែលថែរក្សាទ្វីបលោក។ ដោយការពន្យល់ហេតុផលដ៏សមរម្យនេះ គណៈកម្មការ នៃគណៈអចិន្រ្តៃយ៍មជ្ឈិមបក្ស ក៏សម្រេចគាំទ្រជាឯកច្ឆន្ទទទួលយក និងប្រើប្រាស់រូបសញ្ញាទេវតាបាចផ្កា ជារូបសញ្ញាគណបក្សដោយរីករាយចាប់ពីពេលនោះមក។
ក្រុមអ្នកប្រឆាំងនៅរិះគន់ទៅលើតួនាទី និងមុខតំណែងក្នុងបក្ស របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាពដែរថា ដោយសារតែសម្តេច ហ៊ុន សែន បារម្ភពីឥទ្ធិពលសម្តេច ហេង សំរិន ទើបសម្តេច ហេង សំរិន មិនអាចក្លាយជាប្រធានគណបក្ស ឬអនុប្រធានបក្សបន្ទាប់ពីមរណភាពសម្តេច ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស។ ការរិះគន់ ឬការលើកឡើងនេះ បង្ហាញពីការខ្វះចំណេះដឹង ការខ្វះព័ត៌មានទាំងស្រុងរបស់ក្រុមអ្នកប្រឆាំង ចំពោះគណបក្សប្រជាជនកម្ពុជា។
មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា មូលហេតុ ដែលសម្តេច ហេង សំរិន មិនអាចក្លាយជាប្រធានបក្ស គឺដោយសារតាំងពីក្រោយឆ្នាំ១៩៧៩-១៩៨០ ពេលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានគណបក្សជាថ្មី សម្តេច ហេង សំរិន ដែលឈរឈ្មោះប្រកួតប្រជែងជាមួយសម្តេច ជា ស៊ីម ដើម្បីធ្វើប្រធានបក្ស មិនទទួលបានសំឡេងគាំទ្រច្រើននោះទេ គឺចាញ់សម្តេច ជា ស៊ីម។ ការមិនទទួលបានលទ្ធផលល្អនេះ ធ្វើឱ្យមានការផ្អូកផ្អើលនៅក្នុងជួរបក្ស ហើយដើម្បីសម្របសម្រួលផ្ទៃក្នុងបក្សឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ គណៈកម្មការបានសម្រេចឱ្យសម្តេច ហេង សំរិន មកឈរឈ្មោះជាអនុប្រធានបក្ស ប្រកួតប្រជែងជាមួយសម្តេច ហ៊ុន សែន បន្តទៀត។ ប៉ុន្តែ នៅពេលបោះឆ្នោត សម្តេច ហេង សំរិន ក៏មិនទទួលបានការគាំទ្រគួរឱ្យពេញចិត្តដែរ គឺចាញ់សម្តេច ហ៊ុន សែន។ សម្តេច ហេង សំរិន មិនទទួលបានការគាំទ្រសម្រាប់តំណែងជាអនុប្រធានគណបក្សទេ។
ដោយមើលឃើញពីភាពផុយស្រួយក្នុងបក្ស ដើម្បីរក្សា និងបង្កើនសាមគ្គីភាពក្នុងបក្សឱ្យកាន់តែរឹងមាំ សម្តេច ហ៊ុន សែន ក៏បានកោះប្រជុំ សម្របសម្រួលផ្ទៃក្នុងម្តងទៀត គឺស្នើឱ្យសម្តេច ហេង សំរិន ធ្វើប្រធានកិត្តិយសគណបក្សជារៀងរហូតអស់មួយជីវិត។ ម្ល៉ោះ ក្រោយពីមរណភាពសម្តេច ជា ស៊ីម សម្តេច ហេង សំរិន មិនត្រូវបានបោះឆ្នោតគាំទ្រឱ្យធ្វើជាប្រធានគណបក្សទេ គឺសម្តេច នៅជាប្រធានកិត្តិយសគណបក្សដដែល ឯសម្តេច ហ៊ុន សែន ត្រូវបានបក្សបោះឆ្នោតគាំទ្រនិងផ្តល់សេចក្តីទុកចិត្តជាប្រធានគណបក្ស សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាក្លាយជាអនុប្រធានគណបក្សដោយការបោះឆ្នោត។
ករណីលោក ហ៊ុន ម៉ាណែត ក៏ដូចគ្នា មិនមែនលោកអាចក្លាយខ្លួនជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយគ្មានការគាំទ្រពីគណបក្សឡើយ។ សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាញឹកញាប់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនមែនជាមនុស្សល្អ គ្មានសមត្ថភាព គ្មានការគាំទ្រពីផ្ទៃក្នុងបក្ស និងមហាជនទាំងក្នុងនិងក្រៅប្រទេសក៏សម្តេចនិងគណបក្សប្រជាជនកម្ពុជា មិនគាំទ្រឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីនាអនាគតដែរ។ លោក ហ៊ុន ម៉ាណែត មិនធ្លាប់មានរឿងអាស្រូវ ឬបង្កភាពស្មុគស្មាញ ដល់សង្គមម្តងណាឡើយ។
លោក ជិន ស៊ីថា អតីតអនុប្រធានវរៈកងរថក្រោះនៃអគ្គបញ្ជាការដ្ឋានកងអង្គរក្ស ធ្លាប់ធ្វើឱ្យលោក ហ៊ុន ម៉ាណែត រង់ចាំអស់ជាច្រើនម៉ោង ដោយសាតែភាពយឺតយ៉ាវរបស់លោកក្នុងរៀបចំក្បួនរថក្រោះ សម្រាប់ពិធីគម្រប់ខួប នៃការបង្កើតបញ្ជាការដ្ឋានកងអង្គរក្ស។ លោក ម៉ាណែត អង្គុយទះមូសរង់ចាំលោក ស៊ីថា មកជួបដើម្បីរាយការណ៍ពីចំនួនរថក្រោះដែលត្រូវហាត់សម តាំងពីម៉ោង៩ ដល់ម៉ោង១២អធ្រាត្រ។
មូលហេតុ ដែលលោកមានការយឺតយ៉ាវទៅជួបលោក ម៉ាណែត ដែលហៅលោកឱ្យទៅជួបដើម្បីបញ្ជាក់ពីការបន្ថែមចំនួនរថក្រោះសម្រាប់ពិធី ដោយសាអង្គរក្សផ្ទាល់របស់លោក មិនអនុញ្ញាតឱ្យចូលជួប ព្រោះពួកគេមិនបានទទួលដំណឹងនៃការណាត់ជួបនេះ រហូត៣ម៉ោងក្រោយមកទើបអាចជួបបាន ហើយលោកក៏ពន្យល់ពីហេតុផល នៃការយឺតយ៉ាវនេះទៅលោកម៉ាណែត លោក ម៉ាណែត ក៏ព្រមទទួលយកដោយស្ងៀមស្ងាត់។ លោកអនុបណ្ឌិត ជិន ស៊ីថា ដែលមានសម្បុរខ្មៅ ខ្ពស់ស្រឡះ និងទើបតែចូលនិវត្តពីការងារនៅឆ្នាំ២០២១កន្លងទៅ បានបង្ហើបថា លោក ម៉ាណែត ជាមនុស្សម៉ឺងម៉ាត់ និងហ្មត់ចត់ខ្លាំងណាស់។
លោក ម៉ាណែត មិនដែលខ្ជះខ្ជាយសូម្បីតែពេលវេលា ឯមនោសញ្ចេតនាក៏មានច្រើនដែរ។ លោក ម៉ាណែត បានចែកគ្នាដាច់រវាងមនោសញ្ចេតនា និងការទទួលខុសត្រូវការងារ។ លោក ម៉ាណែត អាចនឹងមិនលើកលែង ឬអនុគ្រោះដល់បុគ្គលដែលបានសាងកំហុសធ្ងន់ធ្ងរ ឬដដែលៗ។ ប៉ុន្តែ លោក ម៉ាណែត មិនមែនជាមនុស្សដែលគុំទុកក្នុងចិត្តទេ បើនិយាយហើយគឺចប់ ប៉ុន្តែ អាចចងចាំក្នុងចិត្ត ដើម្បីសម្គាល់មើលថាតើបុគ្គលនោះអាចនឹងមានរឿងអ្វីទៀតកើតឡើងម្តងទៀត ? រាងចាលឬមិនរាងចាលនៅពេលក្រោយ?
ឧត្តមសេនីយ៍ត្រី តាល់ សុខា ដែលទើបតែទទួលបរិញ្ញាបត្រជាន់ខ្ពស់ ពីលោក ម៉ាណែត កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ និងបម្រើការងារនៅទីបញ្ជាការកងទ័ពជើងគោក បានលើកឡើងប្រហាក់ប្រហែលគ្នាដែរថា លោក ម៉ាណែត មិនមែនគ្មាន មនោសញ្ចេតនានោះទេ ប៉ុន្តែ ការងារគឺការងារ លោក ម៉ាណែត មិនអាចយកមនោសញ្ចេតនាមិត្តភក្តិ មកលាយឡំនឹងការងារទេ។ កិច្ចការដែលលោក ម៉ាណែត ដាក់ឱ្យធ្វើ ត្រូវធ្វើឱ្យហើយតាមផែនការកំណត់ ហើយបើមានឧបសគ្គត្រូវជូនដំណឹងឱ្យបានត្រឹមត្រូវ និងមានហេតុផលច្បាស់លាស់។
លោក ម៉ាណែត ធ្លាប់បញ្ជាក់ម្តងពីរដងរួចមកហើយថា ធ្វើការត្រូវតែលឿនត្រូវតែលះ បើកន្លែងណាស្ទះ ត្រូវស្នើយោបល់។ លោក ម៉ាណែត មិនងាយជួយ ឬជ្រោមជ្រែងមិត្តភក្តិ ដែលគ្មានសមត្ថភាពឱ្យធ្វើការទេ។ ប៉ុន្តែ បើបុគ្គល ឬកងទ័ពណាម្នាក់ មានសមត្ថភាពពិតប្រាកដ ដែលអាចធ្វើឱ្យក្រសួង ឬសង្គមជាតិរីកចម្រើន គឺលោកនឹងអូសទាញបុគ្គលនោះឱ្យមកធ្វើការជាមួយលោកភ្លាម ទោះមិនធ្លាប់ស្គាល់ពីមុនមកក្តី។
បណ្ឌិត ង៉ែត សូដា នាយកសាលាគរុកោសល្យភូមិភាគតាកែវ ដែលធ្លាប់ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ម៉ាណែត បានលើកឡើងពីមនោសញ្ចេតនា ភ្នែកទន់ (ការងាយស្រក់ទឹកភ្នែក)របស់លោក ម៉ាណែត និងភាពម៉ឺងម៉ាត់ ហ្មត់ចត់ របស់លោកចំពោះការងារសង្គមនេះដែរ។ លោកសូដា ដែលមានសម្បុរខ្មៅ រាងស្គមស្តើងខ្ពស់ ចិញ្ចើមក្រាស់ ដែលទើបតែទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីលោក ម៉ាណែត បានអធិប្បាយថា នៅឆ្នាំ២០១៧ បន្ទាប់ពីទទួលបញ្ជាពីសម្តេច ហ៊ុន សែន ឱ្យចុះមកជួយពិនិត្យជួសជុល និងកែលម្អសាលារបស់លោក លោក ហ៊ុន ម៉ាណែត បានរលីងរលោងទឹកភ្នែកពេលក្រឡេកឃើញភាពទ្រុឌទ្រោមរបស់អគារសាលាគរុកោសល្យភូមិភាគ ហើយបាននិយាយទាំងអួលដើមកថា មិននឹកស្មានថា សាលាគរុកោសល្យភូមិភាគរបស់យើងទ្រុឌទ្រោមដល់ថ្នាក់នេះសោះ។
សាលាគរុកោសល្យភូមិភាគតាកែវ គឺជាការទទួលខុសត្រូវនិងរ៉ាប់រងរបស់សាលាខេត្ត និងមន្ទីរអប់រំខេត្តតាកែវ ប៉ុន្តែ អភិបាលខេត្តមុនៗមិនបានយកចិត្តទុកដាក់ ក្នុងការថែទាំ និងជួសជុល ទោះបីមានការស្នើឡើងជាញឹកញាប់ក៏ដោយ ទើបធ្វើឱ្យអគារសាលានេះទ្រុឌទ្រោម ហើយមូលហេតុ ដែលធ្វើឱ្យសម្តេច ហ៊ុន សែន បានជ្រាបពីបញ្ហានេះ គឺដោយសារពេលមួយខណៈសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធសមិទ្ធផលនានា នៅខេត្តតាកែវនោះ សហការីរបស់លោក សូដា បានជម្នះទម្លាយរបាំងការពារកងអង្គរក្សរបស់សម្តេចចូលទៅជួបសំពះថ្វាយបង្គំសម្តេច និងជម្រាបជូនសម្តេចពីតម្រូវការ ផ្សេងៗរបស់សាលា ទើបសម្តេចមានការភ្ញាក់ផ្អើល ហើយបញ្ជូនឱ្យលោក ម៉ាណែត ទទួលមើលការខុសត្រូវចំពោះរឿងនេះ។
លោកបណ្ឌិត ដែលមានមហិច្ឆតា តែមិនលោភលន់ ង៉ែត សូដា បានពន្យល់ពីតម្រូវការចាំបាច់របស់សាលាដូចជាតុ កៅអី និងកុំព្យូទ័រ ក្រៅពីការជួសជុលអគារសិក្សា ដល់លោក ម៉ាណែត លោក ម៉ាណែត ដែលជាមនុស្សរហ័សរហួន គឺនៅមួយសប្តាហ៍ ឬយូរបំផុត២ ឬ៣សប្តាហ៍ សម្ភារៈ ឬឧបករណ៍សិក្សាទាំងនេះបានមកដល់សាលា ដោយគ្មានរអាក់រអួលឡើយ។ លោក សូដា បានកោតសរសើរថា លោក ម៉ាណែត គឺជាមនុស្សម៉ាត់ប្រៃ ច្បាស់លាស់ និងហ្មត់ចត់ខ្លាំងណាស់ចំពោះកិច្ចការដែលត្រូវធ្វើ។ លោក មិនចូលចិត្តមនុស្សដែលនិយាយឱ្យរួចតែពីមាត់ទេ លោកត្រូវការភាពច្បាស់លាស់ ប្រាកដប្រជា ហើយលោកក៏ចេះលើកទឹកចិត្តដល់បុគ្គលដែលខិតខំធ្វើការគួរឱ្យគោរពស្រឡាញ់។
សម្រាប់កងទ័ព ដែលឈរជើងនៅតាមបណ្តាអង្គភាពតាមបន្ទាត់ព្រំដែនទាំងបី គឺព្រំដែនកម្ពុជាវៀតណាម កម្ពុជាឡាវ និងកម្ពុជាថៃ ក៏បានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោក ម៉ាណែត ចំពោះកងទ័ពនៃកងយោធពលខេមរៈភូមិន្ទ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ នៅពេលខ្លះ ចុះទៅដល់ទីណា ការស្វាគមន៍ពីប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានកើតឡើងភ្លាមៗចំពោះលោក ម៉ាណែត ព្រោះតែការយកចិត្តទុកដាក់ដោយគ្មានការរើសអើងរបស់លោក។
ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូនយោធិនចូលសោធននិវត្តន៍ឆ្នាំ២០១៩ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាណែត បញ្ជាក់ថា មនោសញ្ចេតនារបស់លោក គឺប្រកាន់យកមនោសញ្ចេតនា ដែលមានលក្ខណៈទូលំទូលាយបំផុត ដោយផ្តល់នូវការយោគយល់ស្មើគ្នា ឯការងារត្រូវប្រកាន់ជំហរច្បាស់លាស់ ដោយផ្អែកលើគោលការណ៍តម្លាភាព និងយុត្តិធម៌ មានន័យថា បើបានគឺបានទាំងអស់គ្នា បើអត់គឺអត់ទាំងអស់គ្នា។
លោក ម៉ាណែត មាននោសញ្ចេតនាជ្រាលជ្រៅ ចំពោះព្រះបរមរាជវាំង ជាពិសេសព្រះករុណា ព្រះបាទ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ។ មនោសញ្ចេតនារបស់លោកម៉ាណែត មិនមែនមានតែលើវិស័យអាណាចក្រប៉ុណ្ណោះទេ សូម្បីវិស័យសាសនា ក៏លោកមានការយកចិត្តទុកដាក់ លើកស្ទួយនៅគ្រប់វិស័យសាសនា ដូចសម្តេច ហ៊ុន សែន ជាឪពុកដែរ។ លោក ម៉ាណែត គ្មានការរើសអើងសោះឡើយចំពោះជំនឿសាសនារបស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងធ្លាប់បានចូលរួមជួយឧបត្ថម្ភដ៏សន្ធឹកសន្ធាប់ដល់វិស័យសាសនាទៀតផង៕ ដោយ៖ គង់ សេដ្ឋាមុនី