ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលបាន ក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការលើកកម្ពស់ធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពប្រកួតប្រជែងផងដែរ។
នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោបញ្ជាក់ថា និន្នាការពហុប៉ូលនិងការបែងចែកប្លុកកំពុងលេចឡើងកាន់តែច្បាស់ ការគោរពឯករាជ្យ អធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗជាកិច្ចការដែលទាំងអស់គ្នាជាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបន្តប្រកាន់ជំហ។
សម្ដេចតេជោបន្ដថា ទន្ទឹមនេះទាំងអស់គ្នាត្រូវបន្តជំរុញយន្តការពហុភាគីនិយម និងវប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហាប្រឈមនានាសំដៅទប់ស្កាត់ការបែងចែកសេដ្ឋកិច្ចនិងប្លុកពាណិជ្ជកម្មព្រមទាំងបញ្ជៀសនូវការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពតំបន់ ហើយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវាសុខភាពសាធារណៈនិងការគាំពារសង្គមពិតជាមានសារៈសំខាន់ដើម្បីត្រៀមទប់ទល់ការប៉ះទង្គិចផ្សេងៗទៀតនាពេលអនាគត។
សម្ដេចតេជោ បញ្ជាក់ទៀតថា «អនុវត្តធនធានមនុស្សនិងផ្ដោតលើកាលានុវត្តភាពនៃបម្រែបម្រួលវិទ្យាសាស្ត្រ តម្រូវការទីផ្សារការងារ និងការអភិវឌ្ឍ ជាមួយគ្នានេះ បច្ចេកវិទ្យាឌីជីថលបានក្លាយជាកម្លាំងចលករនិងរឹងមាំក្នុងការលើកកម្ពស់ ពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។ទោះជាយ៉ាងណាក្តី ការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តមានគម្លាត។ ក្នុងន័យនេះយើងពិតជាមានការចាំបាច់ក្នុងការចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ បទពិសោធន៍និងការបណ្ដុះបណ្ដាលក៏ដូចជាការទាក់ទាញនូវការវិនិយោគការផ្ដល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសពីប្រទេសអភិវឌ្ឍន៍»។
សម្ដេចតេជោបន្ថែមថា ការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈការគាំទ្រ ការពង្រីក កិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពលនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕ ដោយ៖ រិន ចំរើន