គ.ជ. ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២នៅថ្ងៃនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅឃុំ សង្កាត់ព្រមគ្នានៅទូទាំងប្រទេស ខណៈបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។

យោងតាមតារាងទិន្នន័យរបស់ គ ជ ប បង្ហាញថា ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះមានស្រីចំនួន ៥.១៦១.៩០៦នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣.៧៨៩ការិយាល័យ។ ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួនសរុប ២៧១.១៤២នាក់។

បើតាម គ.ជ.ប គោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ដើម្បីឱ្យមានការកែតម្រូវ។ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដើម្បីធ្វើឱ្យមានបច្ចុប្បន្នភាព និងទុកចិត្តបានសម្រាប់យកទៅបំរើឱ្យការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕ ដោយ៖ ពុទ្ធិពល