សមត្ថកិច្ចភ្នំពេញ ហៅប្រធានអង្គការ៣រូបទៀត បំភ្លឺលើបទចម្រៀង “ឈាមបាតុករ”

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចេញលិខិតអញ្ជើញប្រធានអង្គការចំនួន៣រូបទៀត ចូលបំភ្លឺរឿងបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ខណៈលោក អំ សំអាត ត្រូវបានបំភ្លឺកាលពីថ្ងៃ៩ មករា។

ប្រធានអង្គការទាំង៣នោះរួមមាន៖ លោកមឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បំភ្លឺនាព្រឹកថ្ងៃ១០ មករា លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី បំភ្លឺរសៀលថ្ងៃ១០ មករា និងលោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា បំភ្លឺនាព្រឹកថ្ងៃ១១ មករាក្នុងពេលលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានចូលបំភ្លឺនាថ្ងៃ៩ មករា។

បទចម្រៀង ឈាមបាតុករ ផ្សព្វផ្សាយនៅលើផេករបស់អង្គការមួយចំនួន ស្របពេលក្រុមអង្គការប្រារព្ធខួប៩ឆ្នាំនៃបាតុកម្មនាថ្ងៃ៣-៤មករា ឆ្នាំ២០២៣នេះ ។ បាតុកម្មនាថ្ងៃ៣-៤ មករា ឆ្នាំ២០១៤ពេលនោះ ធ្វើឡើងក្រោមទ្រង់ទ្រាយយ៉ាងធំ ក្រោមការដឹកនាំពីអតីតមេបក្សប្រឆាំង អមដោយអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ បន្ទាប់ពីមិនពេញចិត្តក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។ ក្នុងពេលនោះក៏មានអ្នកស្លាប់ និងរបួសផងដែរ។

ក្រោយហៅលោក អំ សំអាតបំភ្លឺរួចហើយ បទចម្រៀង ឈាមបាតុកម្មផ្សាយលើផេកអង្គការលីកាដូ ក៏បានលុបចោលផងដែរ។

ចំណែក តារាចម្រៀងលោក គា សុគន្ធ អ្នកនិពន្ធនិងច្រៀងបទ “ឈាមបាតុកម្ម” វិញ ធ្លាប់ជាប់ពន្ធនាគារអស់១ឆ្នាំរួចមកហើយ ពីបទញុះញង់ ដោយសារច្រៀងចម្រៀងបង្កប់អត្ថន័យរិះគន់បញ្ហាសង្គម។ ចម្រៀងរបស់លោកដូចជា បទដីខ្មែរ និងទឹកភ្នែករាស្ត្រ៕ ដោយ៖ រិន ចំរើន