ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។
វគ្គ៣«ការសិក្សា»
ឆ្នាំ១៩៧៩ ទោះបីប្រទេសកម្ពុជា បានរំដោះចេញពីរបបដ៏ខ្មៅងងឹត និងឃោរឃៅយង់ឃ្នង ប៉ុល ពត ក៏ដោយ ប៉ុន្តែ ប្រទេសនេះ ពុំបានឆ្លងផុតពីទុក្ខវេទនា ភាពអត់ឃ្លាន និងសង្រ្គាមទេ។ ដំណាក់កាលនេះ ប្រទេសកម្ពុជា ខុសពីក្រោយសម័យអាណានិគមនិយមបារាំង ឬរបប លន់ នល់ របបខ្មែរក្រហម ដែលបានបន្សល់យ៉ាងហោចធនធានមនុស្ស ព្រោះរបបខ្មែរក្រហម ប៉ុល ពត អ្វីៗទាំងអស់ ត្រូវបានបំផ្លាញគ្មានសល់ សូម្បីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ឬដឹកនាំប្រទេស ជាពិសេសធនធានមនុស្សត្រូវពួក ប៉ុល ពត កាប់សម្លាប់ស្ទើរគ្មានសល់ម្នាក់។
ភាពសាហាវយង់ឃ្នងរបស់ពួក ប៉ុល ពត ឬហៅថារបបកម្ពុជាប្រជាធិបតេយ្យ គឺកែនមនុស្សទៅធ្វើការដោយបង្ខំ មិនឱ្យមានពេលសម្រាក មិនឱ្យហូបចុកគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល មនុស្សគ្មានសិទ្ធិសេរីភាព សូម្បីក្នុងការនិយាយស្តី ការជ្រើសរើសគូស្រករ ការធ្វើបុណ្យធ្វើទានតាមគន្លងប្រពៃណី និងជំនឿសាសនា។ ប្រជាជនទូទាំងប្រទេសមានជម្រើសតែមួយគត់ គឺត្រូវរស់នៅក្នុងភាពភ័យខ្លាច ព្រួយបារម្ភ និងធ្វើការឱ្យអង្គការដោយមិនបានទទួលប្រាក់កម្រៃ។ មនុស្សធ្វើការដើម្បីរស់ អ្នកគេចវេះមិនព្រមធ្វើការគឺស្លាប់។ អ្នកតវ៉ា ឬលួចទទួលទានអាហារម្នាក់ឯងជាឯកជន នឹងត្រូវចោទថាក្បត់អង្គការ ហើយចាប់យកទៅធ្វើទារុណកម្ម និងប្រហារជីវិត ដោយគ្មានជំនុំជម្រះទោស។ ប្រជាជនពុំមានទាំងសិទ្ធិអ្វីទាំងអស់ សូម្បីការទទួលបានការសិក្សា។
ដោយសារអ្វីៗត្រូវបំផ្លាញទាំងស្រុងនេះ ការចម្រើនវ័យរបស់លោក ហ៊ុន ម៉ាណែត និងកុមារ ឬយុវជនដទៃទៀត ក៏ពុំសូវលូតលាស់ល្អប៉ុន្មានដែរ។ ការសិក្សារៀនសូត្រ ត្រូវធ្វើឡើងតាមគន្លងពាក្យស្លោកដែលសម្តេច ហ៊ុន សែន បានបង្កើតឡើង អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ ក្រៅពីការសិក្សា យុវជនក៏មានកាតព្វកិច្ចការពារជាតិដែរ តាមរយៈការចែកវេនគ្នាយាមនៅសាលា។ នៅតាមទីជនបទ ក្មេងវ័យជំទង់ និងយុវជន មានកាតព្វកិច្ចសរសេរលិខិតបោះ ឬបិទភ្ជាប់តាមដើមឈើ ដើម្បីអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាមួយខ្មែរក្រហម ឬហៅថាត្រីភាគីប្រឆាំងសាធារណរដ្ឋប្រជាមានិតកម្ពុជា ឱ្យវិលត្រលប់មកកាន់មាតុភូមិជាទីស្រឡាញ់វិញ។
លោក ហ៊ុន ម៉ាណែត បានចុះឈ្មោះចូលរៀនដំបូងនៅសាលាបឋមសិក្សាចតុមុខ និងបន្តការសិក្សាមធ្យមសិក្សានៅវីទ្យាល័យភ្នំដូនពេញ អតីតវិទ្យាល័យព្រះស៊ីសុវត្ថិ។
តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំចន្លោះពីឆ្នាំ១៩៧៩ ដល់១៩៨៧ សិស្សានុសិស្ស ត្រូវប្រឡងចូលសិក្សានៅមធ្យមសិក្សាកម្រិត១ ឬហៅថាអនុវិទ្យាល័យនៅថ្នាក់ទី៤។ គឺថ្នាក់ទី៤ ត្រូវប្រឡងចូលរៀនថ្នាក់ទី៥។ ប្រឡងចូលរៀន ថ្នាក់អនុវិទ្យាល័យចូលវិទ្យាល័យ គឺពីមធ្យមសិក្សាកម្រិត១ ចូលកម្រិត២ត្រឹមថ្នាក់ទី៧។ គឺថ្នាក់ទី៧ប្រឡងចូលថ្នាក់ទី៨ ឬហៅថាសញ្ញាបត្របឋមភូមិ (ឌីប្លូម) ហើយនៅថ្នាក់ទី១០ គឺប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប។ ប៉ុន្តែចាប់ពីឆ្នាំ១៩៨៨ ការប្រឡងត្រូវបានដំឡើងថ្នាក់ គឺថ្នាក់ទី៥ ត្រូវប្រឡងចូលរៀនថ្នាក់ទី៦ ថ្នាក់ទី៨ត្រូវប្រឡងចូលរៀនថ្នាក់ទី៩និងការប្រឡងសញ្ញាបត្រថ្នាក់ទុតិយភូមិ នៅថ្នាក់ទី១១ ដែលបច្ចុប្បន្ន ថ្នាក់ទី៩ប្រឡងចូលរៀនថ្នាក់ទី១០ នៅកម្រិតវិទ្យាល័យ និងការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ត្រូវធ្វើឡើងនៅថ្នាក់ទី១២។
លោក ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថា ជាសិស្សពូកែមួយរូបផ្នែកគណិតវិទ្យា ហើយនៅឆ្នាំសិក្សា១៩៩២-១៩៩៣ លោកបានប្រឡងជាប់ជាសិស្សពូកែ ផ្នែកគណិតវិទ្យា ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៩៤ ក្នុងវ័យ១៧ ឈានចូល១៨ឆ្នាំ បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកក៏បានទៅបន្តការសិក្សានៅសាលាបណ្ឌិត្យសភាយោធាសហរដ្ឋអាម៉េរិក។
អំឡុងពេលកំពុងសិក្សានៅក្រៅប្រទេសរបស់លោក ស្ថានភាពក្នុងប្រទេសកម្ពុជាក៏មិនទាន់ទទួលបាន នូវសុខសន្តិភាពនៅឡើយទេ។ភាពរកាំរកូសរបស់អ្នកនយោបាយនៅតែបន្តហែកហួរគ្នា រហូតមានការប្រយុទ្ធគ្នាកណ្តាលក្រុងភ្នំពេញទៀតផង ហើយក្នុងដំណាក់កាលនេះ លោក ម៉ាណែត ក៏ពុំបានប្រាប់មិត្តរួមថ្នាក់ ឬសាស្រ្តាចារ្យឱ្យដឹងពីសមាសភាពរបស់លោកថា ជាកូននាយករដ្ឋមន្រ្តីនោះទេ រហូតក្រោយបញ្ចប់ការសិក្សាទើបលោកប្រាប់ឱ្យពួកគេដឹង ហើយពួកគេក៏ស្តីបន្ទោសថា លោកលាក់ប្រវត្តិពិតផ្ទាល់ខ្លួនជាមួយពួកគេ។
ឆ្នាំ១៩៩៩ ក្រោយប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ និងបន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកទី១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន លោកបានបញ្ចប់ដោយជោគជ័យពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាម៉េរិក និងបានត្រលប់មកកាន់មាតុភូមិវិញ។ ការវិលត្រលប់មកកាន់មាតុភូមិរបស់លោកវិញ ធ្វើឱ្យកិត្តិនាមកិត្តិយសរបស់លោកល្បីល្បាញរន្ទឺយ៉ាងខ្លាំង ព្រោះលោកគឺជានិស្សិតកម្ពុជាដំបូងគេ នៃទសវត្សរ៍ថ្មី ផ្នែកយោធាដែលបានទៅបន្ត និងបញ្ចប់ការសិក្សាដោយជោគជ័យនៅបរទេសនៃប្រទេសមហាអំណាចលើលោក។
សាស្រ្តាចារ្យមួយចំនួនដែលធ្លាប់បង្រៀនលោក ម៉ាណែត អំឡុងទសវត្សរ៍១៩៨០ ដល់១៩៩០ សុទ្ធតែបានបញ្ជាក់អះអាងដូចគ្នាថា លោកជាមនុស្សរៀនពូកែខ្លាំងណាស់។ នៅកម្រិតថ្នាក់វិទ្យាល័យ មុខវិជ្ជាដែលលោករៀនពូកែជាងគេ គឺគណិតវិទ្យា ប៉ុន្តែមុខវិជ្ជាតែងសេចក្តី និងប្រវត្តិសាស្រ្ត ក៏លោកមិនអន់ដែរ ទោះបីលោកមិនចូលចិត្តមុខវិជ្ជាតែងសេចក្តីក៏ដោយ។ លោកអាចសរសេរតែងសេចក្តី ឬលំហាត់គណិតវិទ្យាបានល្អជាងអ្វីដែលគ្រូរំពឹងទុក ហើយលោក ម៉ាណែត មិនខុសពីសិស្សដទៃទេ ទោះបីលោកជាកូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ក៏លោកត្រូវទទួលការដាក់ពិន័យពីសាលា ឬគ្រូប្រចាំថ្នាក់ដែរ ប្រសិនបើលោកធ្វើខុសវិន័យសាលា ដូចជាគេចម៉ោងសិក្សាទៅលេងកីឡាជាដើម។
ទោះបីជាលោករៀនពូកែ ប៉ុន្តែ លោក មិនសូវចូលចិត្តអាន ឬទន្ទេញមេរៀនទេនៅពេលនោះ។ លោកធ្លាប់រម្លឹករឿងដ៏គួរឱ្យអស់សំណើចសម្រាប់ជីវិតលោកថា ក្រៅ ពីគណិតវិទ្យា លោកក៏ចង់រៀនប្រវត្តិសាស្រ្តដែរ។ ដោយសារការចង់រៀនពេក ពេលមួយលោកបានសាកល្បងចូលទៅអង្គុយក្នុងថ្នាក់ ហើយសុំលោកសាស្រ្តាចារ្យរៀនដោយមិនបាច់ប្រឡង ប៉ុន្តែ ត្រូវបានសាស្រ្តាចារ្យនោះបដិសេធ ព្រោះតាមគោលការណ៍សាលា ទោះបីសិស្សពូកែយ៉ាងណា ក៏ត្រូវឆ្លងកាត់ការប្រឡងចូលរៀនជាចាំបាច់។ នៅពេលតំណាលរឿងនេះ លោក ហ៊ុន ម៉ាណែត បានផ្ទុះសំណើច ចំពោះខ្លួនឯងនៅពេលនោះ ព្រោះតែចង់រៀនពេក គឺចង់ចូលរៀនមិនបាច់ប្រឡង តែមិនមែនអាងអំណាចកូននាយករដ្ឋមន្រ្តី ឬជាសិស្សពូកែប្រចាំសាលា ប្រចាំប្រទេសទេ គឺលោកខ្ជិលអាន ឬទន្ទេញមេរៀន ដើម្បីប្រឡងនេះឯង។
នៅមានរឿងគួរឱ្យអស់សំណើចមួយទៀត ដែលលោកចងចាំ គឺការលេងបាល់ទាត់។ នៅទសវត្សរ៍១៩៩០ ពេលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ លោកចូលចិត្តលេងកីឡាបាល់ទាត់ជាងបាល់ទះ និងកីឡាផ្សេងៗទៀត ហើយថ្ងៃខ្លះ ក៏នាំគ្នាគេចម៉ោងរៀនទៅទាត់បាល់ដែរ។
ក្នុងជំនួបអាហារថ្ងៃត្រង់ កាលពីចុងខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីថែល លោក ម៉ាណែត តំណាលទាំងអស់សំណើចថា ថ្ងៃខ្លះ ពេលចេញលេងសិស្សទាំងអស់នាំគ្នាទៅទាត់បាល់ ហើយខណៈទាត់មិនទាន់អស់ចិត្ត ក៏ដល់ម៉ោងចូលរៀនវិញ។ ដើម្បីបានលេងបាល់បន្តទៀត លោក និងមិត្តភក្តិ នាំគ្នាធ្វើជាដើរយឺតៗសំដៅថ្នាក់រៀន ព្រោះបើចូលថ្នាក់មិនទាន់ ប្រធានថ្នាក់នឹងបិទទ្វារមិនឱ្យចូលរៀនទេ។ ដូច្នេះ ប្រសិនបើប្រធានថ្នាក់បិទទ្វារមិនឱ្យក្រុមលោកចូលរៀន នោះគឺជាឱកាសរបស់ក្រុមលោក និងមិត្តដទៃទៀត ដែលត្រូវកាន់បាល់រត់ទៅកាន់តារាងបាល់ទាត់វិញ។ ក្រោយមក ដោយសារខ្លាចសិស្សវក់នឹងកីឡាភ្លេចការសិក្សា គ្រូប្រចាំថ្នាក់ និងគ្រូកីឡា បានយកបាល់លាក់ ដោយចាក់សោទុកក្នុងទូឈើមួយ។ ប៉ុន្តែ ដោយសារទ្វារទូមិនមាំទើបធ្វើឱ្យមិត្តរបស់លោកទៅបង្ហើបយកបាល់មកបាន ដោយមិនបាច់ចាក់សោ។ លោកសាស្រ្តាចារ្យ ពេលឃើញក្រុមលោកនៅតែមានបាល់លេងក៏ឆ្ងល់ លុះទៅពិនិត្យមើល ទើបដឹងថាពួកគេលួចបង្ហើបតាមបន្ទះទ្វាររបើក តែសោទូនៅស្អាតដដែល។
លោក ហ៊ុន ម៉ាណែត បន្តការសិក្សានៅឯក្រៅប្រទេស នៅឆ្នាំ១៩៩៤ គឺសាលាបណ្ឌិត្យសភាយោធាអាម៉េរិក បន្ទាប់ពីលោកប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានត្រលប់មកវិញនៅឆ្នាំ១៩៩៩។ លោក ម៉ាណែត ទទួលបានសញ្ញាបត្រកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅក្រៅប្រទេសមួយចំនួន រួមទាំងសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចផង។ ប៉ុន្តែ ដើម្បីកេងចំណេញនយោបាយ មេបក្សប្រឆាំងដ៏អាប់យស ឈ្មោះ សម រង្ស៊ី បានយកសញ្ញាបត្ររបស់លោកមកវាយប្រហារ មកបន្តុះបង្អាប់ថា ជាសញ្ញាបត្រកម្រិត២ ឬហៅថាសញ្ញាបត្រកិត្តិយស ដែលបរទេសគេផ្តល់ឱ្យសម្រាប់កូនៗមន្រ្តីឋានៈខ្ពស់។
ការវាយប្រហាររបស់ទណ្ឌិត សម រង្ស៊ី មិនបានធ្វើឱ្យលោក ម៉ាណែត បាក់មុខនោះទេ ផ្ទុយទៅវិញគឺ សម រង្ស៊ី ខ្លួនឯងជាអ្នកអាម៉ាស់មុខបាត់បង់កិត្តិយស ដោយសារតែប្រតិកម្មមហាជន ដែលគាំទ្រលោក ហ៊ុន ម៉ាណែត វាយប្រហារត្រលប់ទៅវិញ ជាពិសេស ការពន្យល់បកស្រាយរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា អំពីសញ្ញាបត្រនេះ។ ម្តងជាពីរដង ស្ថានទូតអាម៉េរិក និងសាកលវិទ្យាល័យ ដែលលោក ម៉ាណែត បានទៅរៀន បានពន្យល់ថា នៅសហរដ្ឋអាម៉េរិក ពុំមានបែងចែកកម្រិតសញ្ញាបត្រទេ គឺគ្រប់សញ្ញាបត្រដែលប្រគល់ជូននិស្សិត មានតម្លៃស្មើៗគ្នា។
ការវាយប្រហារ បែបបន្តុះបង្អាប់ ប្រមាថមើលងាយរបស់ទណ្ឌិត រង្ស៊ី ក៏ត្រូវបានមហាជនមើលឃើញថា ជាការទ័លច្រករបស់អ្នកនយោបាយដ៏បរាជ័យនិងពូកែខាងលាបពណ៌ ញុះញង់ អុជអាលឱ្យខ្មែរស្អប់ខ្មែរ ឱ្យខ្មែរឈ្លោះជាមួយខ្មែររូបនេះ ព្រោះតាំងពីធ្វើនយោបាយឆ្នាំ១៩៩៣មក ក្រៅពីធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារក្រេឌីត ឬហៅថាស៊ីតែមគណបក្សហ្វ៊ុនស៊ិនប៉ិចមក លោក សម រង្ស៊ី មិនដែល ទទួលបានជោគជ័យម្តងណាឡើយ។
លោក ហ៊ុន ម៉ាណែត ធ្លាប់បានបបួលលោក សម រង្ស៊ី ភ្នាល់ ដើម្បីបញ្ចប់ជីវិតនយោបាយ ប្រសិនបើអ្នកណាម្នាក់ចាញ់ លើភាពចម្រូងចម្រាសសញ្ញាបត្រនេះ ប៉ុន្តែ លោករង្ស៊ី មិនបានចូលខ្លួន ឬឆ្លើយតបតាមសំណើឡើយ ហើយព្យាយាមគេចវេះ និងបង្កើតពាក្យចចាមអារ៉ាម ជេរប្រមាថ បង្ខូចកិត្តិយសលោក ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន តាមមធ្យោបាយផ្សេងៗទៀត។ សម្តេច ហ៊ុន សែន ហៅការឆ្លើយតបរបស់លោក ម៉ាណែត ទៅទណ្ឌិត សម រង្ស៊ី ថាជាការប្រដៅមនុស្សចាស់ឬអ្នកនយោបាយវ័យក្មេង ប្រដៅអ្នកនយោបាយអាយុច្រើន ប៉ុន្តែគ្មានគុណធម៌ គ្មានសីលធម៌ក្នុងខ្លួន។
សាវតារសង្ខេប នៃការសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា៖
-នៅឆ្នាំ ១៩៨០-១៩៩០ ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ
-នៅឆ្នាំ ១៩៩០-១៩៩៣៖សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ)
-នៅឆ្នាំ ១៩៩៤-១៩៩៩៖ សិក្សានៅសាលាបណ្ឌិតយោធានៅក្រុង West Point សហរដ្ឋអាម៉េរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។
– នៅឆ្នាំ ២០០២ ៖ ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York សហរដ្ឋអាម៉េរិក។
– នៅឆ្នាំ ២០០៨ ៖ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
លោក ហ៊ុន ម៉ាណែត មិនមែនចេះតែភាសាអង់គ្លេសនោះទេ ប៉ុន្តែ ក៏អាចនិយាយភាសាបារាំង និងភាសាថៃ ដែលសូម្បីម្តាយ ឪពុករបស់លោក ក៏មិនបានដឹងថា លោកចេះភាសាទាំងនោះដែរ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំអាចបញ្ជាក់បានថា ម៉ាណែត គឺជាមនុស្សស្រគត់ស្រគំ ហ្មត់ចត់ ហើយមិនលេងសើចច្រើនទេ។ អ្វីដែលសំខាន់សម្រាប់គេ គឺរៀន។ ការរៀន គឺជាចំណុចសំខាន់របស់ម៉ាណែត សូម្បីតែខ្ញុំជាឪពុក ឬភរិយាខ្ញុំ ដែលជាម្តាយ មិនដឹងថាកូនចេះភាសថៃនោះឡើយ។ បន្ទាប់ពីការរៀននៅក្នុងសាលា គេបន្តការរៀន គួ(រៀនបម្រុង ឬរៀនត្រៀមក្រៅម៉ោង) ជាភាសាបារាំង និងរៀនគួជាភាសាថៃ។ ដូច្នេះ គេមិនប្រើពេលវេលា ដោយខ្ជះខ្ជាយនោះទេ។ ម៉ាណែត ស្រគត់ស្រគំ ហ្មត់ចត់ ហើយមិនលេងសើចច្រើនទេ តែរៀនសូត្រច្រើនជាង”៕
ដោយ៖ គង់ សេដ្ឋាមុនី