ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។
វគ្គ២ «កុមារភាព»
កុមារភាពរបស់លោក ហ៊ុន ម៉ាណែត គឺដូចជាកុមារដទៃទៀតនៃប្រជាជនកម្ពុជា ព្រោះកំពុងស្ថិតក្នុងភាពទុរគត និងមហាវេទនាបំផុត ដោយសារ បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម ប៉ុល ពត) ទៅ ប្រទេសកម្ពុជាគ្មានអ្វីទាំងអស់ សូម្បីវត្តអារាម ព្រះសង្ឃ។ គ្រប់វិស័យសាសនា វិស័យអប់រំ វិស័យសុខាភិបាល វប្បធម៌ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ លូ ទឹក ភ្លើង គឺខូចខាតទាំងស្រុង។ មនុស្សទូទាំងប្រទេស៩០%កើតជំងឺបាក់ស្បាត ជំងឺខ្វះជីវជាតិ អាហារូបត្ថម្ភ ដោយសារតែការធ្វើការហួសកម្លាំង គ្មានពេលសម្រាក គ្មានថ្នាំព្យាបាល និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ មន្ទីរពេទ្យ វត្តអារាម ត្រូវបានខ្មែរក្រហមយកធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសួរចម្លើយមនុស្ស។ ព្រះសង្ឃត្រូវបានផ្សឹកដោយបង្ខំឱ្យយកប្រពន្ធ និងទៅធ្វើការដូចជាទាសករដទៃទៀតដែរ។
មុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះ ដោយសារគ្មានព្រះសង្ឃ និងដើម្បីបំពេញតាមទំនៀមទម្លាប់ ប្រពៃណីដែលប្រជាជនខ្មែរមុនធ្វើអ្វីត្រូវបានព្រះសង្ឃចូលរួមសម្តេច ហ៊ុន សែន (សមមិត្តហ៊ុន សែន) បានស្នើឱ្យលោក ឡុង ស៊ឹម សាងព្រះផ្នួសឡើងវិញ ព្រោះលោកធ្លាប់បួសជាព្រះសង្ឃ ប៉ុន្តែ ត្រូវខ្មែរក្រហមបង្ខំឱ្យសឹក និងបង្ខំឱ្យរៀបការភរិយា។ តាមសំណើ សម្តេច ហ៊ុន សែន លោក ឡុង ស៊ឹម បានគ្រងស្បង់ចីវរឡើងវិញជាព្រះសង្ឃ ហើយនៅក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពេលប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបបិសាចដ៏ឃោរឃៅ ប៉ុល ពត គឺមានតែព្រះអង្គ ឡុង ស៊ឹម មួយអង្គគត់ ដែលត្រូវបន្តបំបួសព្រះសង្ឃដទៃទៀត ទាំងនៅរាជធានី និងទូទាំងប្រទេស ដែលបច្ចុប្បន្នព្រះសង្ឃទាំងនោះមានអង្គខ្លះបានក្លាយជាសម្តេចសង្ឃប្រចាំប្រទេសទៀតផង។
ក្រោយឆ្នាំ១៩៧៩នេះដែរ សម្តេច ហ៊ុន សែន ដែលបានមកដល់ភ្នំពេញ និងកំពុងបំពេញតួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេស បានស្នើឱ្យគេទៅតាមរក និងយកភរិយា និងកូនប្រុសត្រលប់មករួមរស់ជាមួយគ្នានៅភ្នំពេញវិញ។ នៅចុងខែកុម្ភៈ ឆ្នាំ១៩៧៩ កងការពារពីរនាក់បានទៅដល់ស្រុកកំណើតសម្តេច ហ៊ុន សែន ហើយបាននាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កូនប្រុស ហ៊ុន ម៉ាណែត និងប្អូនស្រី ហ៊ុន ស៊ីណាត មកភ្នំពេញ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចចិត្តមកភ្នំពេញដើម្បីជួបសម្តេច ហ៊ុន សែន ប៉ុន្តែ មិនមែនមកដើម្បីរួមរស់ ឬរស់នៅភ្នំពេញក្នុងនាមជាភរិយារដ្ឋមន្រ្តីក្រសួងការបរទេសនោះទេ គឺដើម្បីសុំឱ្យសម្តេច ហ៊ុន សែន វិលត្រលប់ទៅធ្វើស្រែចម្ការនៅស្រុកកំណើតវិញ ព្រោះសម្តេច ប៊ុន រ៉ានី ឆ្អែតនឹងជីវិតក្នុងសមរភូមិនយោបាយ និងមិនចង់ឱ្យសម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងរឿងនយោបាយទៀត។
សំណើនេះមិនបានសម្រេចទេ ព្រោះសម្តេច ហ៊ុន សែន មិនបានឆ្លើយតបឡើយ ហើយបានព្យាយាមពន្យល់សម្តេច ប៊ុន រ៉ានី ឱ្យយល់ពីហេតុផលផ្សេងៗ ក្នុងការរួមចំណែកកសាងប្រទេសជាតិឡើងវិញ បន្ទាប់ពី ប្រទេសជាតិត្រូវបំផ្លាញដោយសង្រ្គាម និងអ្នកនយោបាយជំនាន់មុន។ ដោយសារ សម្តេច ហ៊ុន សែន មានហេតុផលច្បាស់លាស់ និងអាចទទួលយកបាន សម្តេច ប៊ុន រ៉ានី បានសម្រេចចិត្តស្នាក់នៅភ្នំពេញបន្តជាមួយសម្តេច ហ៊ុន សែន ដើម្បីកសាងជីវភាពថ្មី នៃរដ្ឋមន្រ្តីក្រសួងការបរទេស ដែលទទួលបានរបបអង្ករ និងពោត១៦គីឡូក្រាមជំនួសឱ្យប្រាក់ខែ ដែលថ្ងៃខ្លះត្រូវស្ងោរដំឡូង ហូបជំនួសបាយ ឬដាំបាយលាយពោត ឬដំឡូងដោយក្តីរីករាយ។
ការសម្រេចចិត្តថា នឹងនៅភ្នំពេញជាមួយស្វាមីរបស់សម្តេច ប៊ុន រ៉ានី គឺជារឿងដ៏គួរឱ្យរំភើបរីករាយបំផុត ប៉ុន្តែ សម្តេច ហ៊ុន សែន ហាក់ជារឿងគួររន្ធត់ចិត្ត និងអស់សំណើចទៅវិញ ព្រោះក្រោយពេលសម្រេចថានឹងនៅភ្នំពេញទាំងអស់គ្នា បែរជាកុមារ ហ៊ុន ម៉ាណែត មិនស្គាល់សម្តេច ហ៊ុន សែន ថាជាឪពុកទៅវិញ។ ហ៊ុន ម៉ាណែត ដែលទើបតែមានអាយុជាង២ឆ្នាំមិនបានហៅសម្តេច ហ៊ុន សែន ថាពុកទេ គឺហៅថាពូ ហើយបានដេញសម្តេច ហ៊ុន សែន មិនឱ្យទៅជិតសម្តេច ប៊ុន រ៉ានី ជាម្តាយទៀត ព្រោះតាំងពីកើតមក ហ៊ុន ម៉ាណែត មិនដែលបានឃើញ ឬស្គាល់ ឬនៅជិតសម្តេច ហ៊ុន សែន ជាឪពុកទេ ដោយសារសម្តេច បានចាកចេញពីកម្ពុជា ទៅបង្កើតកងទ័ព ដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរបបប៉ុល ពត។ ហ៊ុន ម៉ាណែត គេនៅជាមួយតែម្តាយ និងជីតា គឺលោកតា ហ៊ុន នាង ជីដូន និងម្តាយធំ ម្តាយមីង ជាទីគោរពស្រឡាញ់របស់គេតែប៉ុណ្ណោះ។ នៅពេលរម្លឹករឿងនេះឡើងវិញម្តងៗធ្វើឱ្យសម្តេច ហ៊ុន សែន អួលដើមកស្ទើរតែស្រក់ទឹកភ្នែកនៅតាមវេទិកាសាធារណៈ។
ការវិលមកកាន់ក្រុងភ្នំពេញ និងស្ថិតក្នុងកុមារភាព ហ៊ុន ម៉ាណែត ទោះបីជា ជាកូនរដ្ឋមន្រ្តី និងក្រោយមកជាកូននាយករដ្ឋមន្រ្តី ក៏គេមិនសូវទទួលបាន នូវការសប្បាយរីករាយដែរ ព្រោះដំណាក់កាលនេះ ប្រទេសជាតិកំពុងស្ថិតក្នុងការលំបាកយ៉ាងខ្លាំង។ ប្រជាជនក្រីក្រ រស់នៅអត្តខាត់ខ្លាំង ខ្វះសព្វខ្វះគ្រប់ ដែលសម្តេច ហ៊ុន សែន និងសហការីរបស់សម្តេច ត្រូវរែកពុន ស្រោចស្រង់ និងជួយសម្រាលទុក្ខលំបាកទាំងនេះ។ អ្វីដែលសម្តេច ត្រូវគិត និងធ្វើ គឺការស្រោចស្រង់ និងសង្រ្គោះវិស័យអប់រំឱ្យបានមុនគេ ព្រោះគ្រប់ប្រទេសជាតិទាំងអស់ គ្មានប្រទេសណាមួយអាចអភិវឌ្ឍទៅបានដោយគ្មានវិស័យអប់រំនោះទេ។
ដោយសារសាលារៀនត្រូវបានបំផ្លាញដោយខ្មែរក្រហម ប៉ុល ពត ដូច្នេះការបង្រៀន និងការរៀន ត្រូវធ្វើឡើងនៅក្រោមដើមឈើ ក្រោមផ្ទះអ្នកស្រុក វត្តអារាម ឬអគារបាក់បែកដោយយកដុំឥដ្ឋធ្វើជាកំណល់ ឬកៅអីសម្រាប់អង្គុយរៀន។ ដំបូលសាលាប្រក់ដោយស្បូវកណ្តប ជញ្ជាំងថែបបបុស ឬធាងដូង។
ការលើកស្ទួយវិស័យអប់រំ ក្នុងដំណាក់កាលនោះ គឺប្រើទ្រឹស្តីដ៏ល្បីល្បាញរហូតសព្វថ្ងៃ គឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ឯអ្នកចេះតិច បង្រៀនអ្នកមិនចេះ។ វិស័យទី២ គឺវិស័យសុខាភិបាល ព្រោះដំណាក់កាលនេះ ប្រជាជនពិតជាត្រូវការខ្លាំងណាស់។ ប្រជាជនទូទាំងប្រទេស ត្រូវការព្យាបាលទាំងជំងឺផ្លូវកាយ និងផ្លូវចិត្ត។ បើសិនជាវិស័យ សុខាភិបាលមិនអាចពង្រឹងទាន់ពេលវេលានោះជីវិតមនុស្សកាន់តែពិការ និងបាត់បង់ទៅៗ ដោយសារការបាក់ទឹកចិត្ត ការខ្វះអាហារូបត្ថម្ភ និងថ្នាំសង្កូវព្យាបាល។
ក្រៅពីនេះ វិស័យអាទិភាពមួយទៀតក៏ត្រូវបានយកចិត្តទុកដាក់បំផុតដែរ គឺវិស័យការពារជាតិ។ វិស័យការពារ ត្រូវបានពង្រឹងពីថ្នាក់មូលដ្ឋាន ភូមិ ឃុំ រហូតស្រុក និងខេត្ត ដោយប្រើទ្រឹស្តី “ដៃម្ខាងការពារ ដៃម្ខាងកសាង ឬអភិវឌ្ឍ”។ ក្រៅពីការការពារ កងទ័ពក៏មានភារកិច្ចចុះជួយដកស្ទូង និងច្រូតកាត់ជូនអ្នកភូមិដែរ ឯអ្នកភូមិម្នាក់គឺជាកងទ័ពម្នាក់ ព្រោះគេអាចកាន់អាវុធប្រយុទ្ធជាមួយសត្រូវរបស់ពួកគេបាន។ ប្រជាជនមានស្មារតីទទួលខុសត្រូវ ក្នុងការការពារភូមិ ឃុំ របស់ពួកគេពីការយាយីរបស់សត្រូវបានគ្រប់ពេល។
ដំណាក់កាលនេះ កុមារ ហ៊ុន ម៉ាណែត ត្រូវរស់នៅស៊ីអត់ស៊ីឃ្លានដូចប្រជាជនទូទៅដែរ ព្រោះរបបប្រាក់ខែមានកំណត់ ហើយការប្រើប្រាស់ទឹក ភ្លើងអគ្គិសនីនៅតាមផ្ទះ ក៏មានការកំណត់ដូចគ្នា។
នៅរាជធានីភ្នំពេញ ប្រព័ន្ធបង្ហូរទឹកខូចខាតទាំងស្រុង។ ប្រជាជន ឬមន្រ្តីរាជការ ដែលនៅក្បែរមាត់ទន្លេសាប ឬទន្លេបាសាក់ ត្រូវយកធុង ឬប៉ោតទៅរែកទឹកពីទន្លេដោយខ្លួនឯង សូម្បីនៅដើមទសវត្សរ៍១៩៩០ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នៅភ្នំពេញក៏នៅប្រើរទេះសម្រាប់អូសទឹកយកមកប្រើ ឬលក់តាមដងផ្លូវដែរ។ ភ្នំពេញមិនទាន់មានប្រព័ន្ធទឹកស្អាតនៅឡើយទេនាពេលនោះ។
ម្តាយរបស់លោក ម៉ាណែត បានបាត់បង់កូនក្នុងផ្ទៃ(រលូត)ម្នាក់ ដោយសារតែប្រឹងយួរទឹកពីពាងខាងក្រោមយកទៅលើផ្ទះដើម្បីប្រើប្រាស់ ព្រោះផ្ទះរបស់ម៉ាណែត មិនមានអ្នកបម្រើ ដូចផ្ទះរដ្ឋមន្រ្តីដទៃទេ។ សម្តេច ហ៊ុន សែន តែងតែសោកស្តាយ នៅពេលមានប្រសាសន៍ដល់រឿងនេះ ព្រោះ សម្តេចយល់ថា ជាកំហុសរបស់សម្តេច ដែលមិនបានរែកទឹកយកទៅកាន់ជាន់ខាងលើសម្រាប់ភរិយាប្រើប្រាស់ដូចសព្វដង។ យើងដឹងហើយថា កាលពីឆ្នាំ១៩៧៦ សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី បានបាត់បង់កូនប្រុសជាទីស្រឡាញ់ម្នាក់ដែរ ឈ្មោះ ហ៊ុន កំសត់ ប៉ុន្តែ ការបាត់បង់នោះ មិនមែនជាការធ្វេសប្រហែសរបស់សម្តេចទាំងទ្វេទេ គឺជាការធ្វេសប្រហែសរបស់នារីពេទ្យខ្មែរក្រហម ដែលធ្វើឱ្យទារកទើបនឹងកើតរបូត ធ្លាក់ពីដៃទៅប៉ះនឹងជ្រុងគ្រែ មុននឹងធ្លាក់ទៅដល់ដី។
សម្តេច ហ៊ុន សែន មានការតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង នៅពេលទទួលដំណឹងថា សម្តេច ប៊ុន រ៉ានី បានសម្រាលកូនដោយសម្តេចមិនបានដឹង ហើយកូនប្រុសជាទីស្រឡាញ់លើសពីជីវិតនេះបានស្លាប់ទៅទៀត ជាពិសេស ពេលសម្តេចក្រឡេកឃើញកូនប្រុស ដែលមិនទាន់បានឃើញពន្លឺថ្ងៃនេះ ស្ថិតក្នុងសភាពស្តូកស្តឹង ត្រូវគេទុកចោលនៅជ្រុងគ្រែម្ខាង ដោយបបូរមាត់ប្រឡាក់ដីនឹងឈាម។
សម្តេចស្ទើរតែទ្រាំមិនបាន ចង់ដកកាំភ្លើងខ្លីបាញ់ប្រហារ និងមេបញ្ជាការ ដែលគ្មានធម៌មេត្តាចំពោះ សម្តេច និងកូន នៅពេលសម្តេចស្នើយកសពកូនទៅបញ្ចុះ ប៉ុន្តែ ចិត្តមួយបានបង្ខំឱ្យសម្តេចអត់ធ្មត់។ ដោយមេបញ្ជាការមិនអនុញ្ញាតឱ្យយកកូនទៅបញ្ចុះ សម្តេច បានស្នើឱ្យគ្រូពេទ្យម្នាក់ ជួយយកសពកូនទៅបញ្ចុះ និងជួយសរសេរឈ្មោះ ហ៊ុន កំសត់ ដាក់ក្នុងដបកប់ក្បែរគ្នាផង។ ផ្តាំផ្ញើគេហើយ សម្តេចបានចាកចេញពីទីនេះ ទាំងអារម្មណ៍រន្ធត់ញាប់ញ័រ បន្ទាប់ពីបានជួបភរិយាគឺសម្តេច ប៊ុន រ៉ានី ក្នុងសភាពរាងកាយស្លេកស្លាំង។
ហ៊ុន ម៉ាណែត ក៏ដូចជាកុមារដទៃទៀតដែរ គ្មានឱកាសប្រើប្រាស់របស់របរ ឬដើរផ្សារ ឬរៀននៅសាលាទំនើបទេ។ ពួកគេជាទូទៅ ទៅសាលារៀនដោយថ្មើរជើង ឬបើសាលានៅឆ្ងាយពួកគេដែលមានលទ្ធភាព អាចជិះកង់ចាស់ៗ ដែលសេសសល់ពីសម័យមុន។ លោក ហ៊ុន ម៉ាណែត ជួនធ្វើដំណើរដោយកង់ ទៅកាន់សាលារៀន និងត្រូវបំពេញភារកិច្ចជាអ្នកយាមសាលា ដូចសិស្សដទៃដែរ។
កុមារភាពរបស់ហ៊ុន ម៉ាណែត គឺស្ថិតក្នុងយុគសម័យមួយដែលប្រទេសកម្ពុជា កំពុងពោរពេញដោយភ្លើងសង្រ្គាម និងវិនាសកម្ម។ លោក ហ៊ុន ម៉ាណែត គ្មានឱកាសបានសប្បាយនោះទេ ទោះបីគេជាកូនប្រុសច្បងរបស់រដ្ឋមន្រ្តី និងក្រោយមកជាកូននាយករដ្ឋមន្រ្តីក៏ដោយ។
ដំណាក់កាលនេះ ភ្នំពេញ ដែលជារាជធានីដ៏មានវ័យចំណាស់ និងបង្កើតឡើង ដោយព្រះបាទ ចៅពញាយ៉ាត អំឡុងឆ្នាំ១៤៣៤ បានស្ថិតក្នុងភាពអត្តខាត់ ខ្លោចផ្សាក្រៃលែង ព្រោះអ្វីៗត្រូវបានបំផ្លាញទាំងស្រុងដោយសារសង្រ្គាម និងបំផ្លាញដោយមេដឹកនាំខ្មែរក្រហម ប៉ុល ពត។ ពួកមេដឹកនាំខ្មែរក្រហម បានបណ្តេញប្រជាជនចេញពីលំនៅឋានរបស់ខ្លួនដោយបង្ខំមិនអនុញ្ញាតឱ្យយកអ្វីទៅជាមួយ ក្រៅពីសម្លៀកបំពាក់ជាប់ខ្លួនមួយចង្កេះ ឬរបស់របរ ដែលអាចយកជាប់ខ្លួនបាន និងមិនអនុញ្ញាតឱ្យពួកគេត្រលប់មកកាន់លំនៅឋានវិញឡើយ។
អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ ស្រ្តីសម្រាលកូន ជនពិការ ឬកុមារតូចដែលចេញពីផ្ទះយឺតនឹងត្រូវពួកគេបាញ់សម្លាប់នៅចំពោះមុខសាច់ញាតិរបស់ពួកគេ ជាការព្រមានថា អ្នកដែលយឺត ឬរឹងទទឹង នឹងមានវាសនាដូចអ្នកស្លាប់ដ៏អភ័ព្វទាំងនេះ។ កាយវិការ និងសកម្មភាពឃោរឃៅ របស់ពួកខ្មែរក្រហម មកលើប្រជាជនខ្លួនឯង បានធ្វើឱ្យភ្នំពេញ ដែលជាក្រុងធ្លាប់ជាជម្រករបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ក្លាយទៅជាខ្មោចក្រុងដ៏ស្ងាត់ជ្រងំគួរឱ្យខ្លាចព្រឺក្បាល។ គេអាចឮតែសំឡេងស្រែកថ្ងូររបស់អ្នកទោស ដែលជាប់ឃុំឃាំង និងត្រូវទទួលរងនូវទារុណកម្មដ៏ព្រៃផ្សៃនៅមន្ទីរសន្តិបាល ស២១ (S21) ឬគុកទួលស្លែង ដ៏អសោចប៉ុណ្ណោះ សូម្បីមន្រ្តីស្ថានទូតបរទេសមួយចំនួនក៏ត្រូវបានខ្មែរក្រហមដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់ឆ្មាំគុក ឬឈ្លបអង្គការដែរ។
រាជធានីភ្នំពេញ ដែលបានរំដោះចេញពីរបបដ៏យង់ឃ្នង គ្មានក្តីមេត្តា ដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដឹកនាំដោយអតីតសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងបណ្តាសមមិត្តស្នេហាជាតិដទៃទៀត ដែលមានការគាំទ្រដោយកងទ័ពវៀតណាម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។ កាលនោះគេអាចរកឃើញមនុស្ស ដែលនៅសេសសល់ពីសេចក្តីស្លាប់ប្រមាណ៧០នាក់ប៉ុណ្ណោះ ខណៈមនុស្សប្រមាណជាង៤ពាន់នាក់ផ្សេងទៀតបានរត់ភៀសខ្លួន ទៅតាមការគាបសង្កត់ និងឃោសនារបស់ក្រុមខ្មែរក្រហម។
ភ្នំពេញត្រូវស្ថាបនាឡើងវិញពីកម្ទេចផេះផង់ នៃសង្រ្គាម និងការបំផ្លិចបំផ្លាញរបស់របបកម្ពុជាប្រជាធិបតេ្យ ដឹកនាំដោយប៉ុល ពត។ ទម្ងន់ ទំហំ នៃមហន្តរាយ ឬមហាវិនាសកម្មនេះ ត្រូវធ្លាក់មកលើសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាអ្នកទ្រទាំងស្រុងនូវទម្ងន់ទុក្ខ ខណៈប្រជាជន និងប្រទេសជាតិទាំងមូលល្ហិតល្ហៃ ខ្សោះខ្យល់ ថប់ដង្ហើមស្ទើរតែសូន្យទៅហើយ។
ក្រោយថ្ងៃរំដោះជាតិពីរបបខ្មែរក្រហម ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ នៅឆ្នាំ១៩៧៩ សម្តេច ហ៊ុន សែន និងសហសេវិករបស់សម្តេច មិនបានផ្លាស់ប្តូររាជធានីពីភ្នំពេញទៅកាន់តំបន់ ឬខេត្តផ្សេងៗ ដូចកាលពីជាងមួយសតវត្សរ៍មុន ដែលម្តងទៅឧដុង្គ ម្តងទៅលង្វែក ម្តងទៅទួលបាសាននោះទេ ដោយរក្សាទីតាំង និងឈ្មោះរាជធានីភ្នំពេញឱ្យនៅដដែល ហើយព្យាយាមកសាងប្រទេសពីបាតដៃទទេ ឬហៅថា គ្មានអ្វីទាំងអស់ ឱ្យរស់ឡើងវិញ រហូតស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ នានានិងពិភពលោករហូតសព្វថ្ងៃ។
បើទោះបីនៅថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ភ្នំពេញពើបប្រទះ នូវការប្រយុទ្ធគ្នាមួយចម្អិនកំពឹស ដែលអ្នកកាសែតញូវយ៉កថែមស៍បានហៅថាជាការផ្ទុះអាវុធ រប៉េះរប៉ោះតាមដងផ្លូវ រវាងគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ មិនបានធ្វើឱ្យកម្ពុជាបែកបាក់នោះទេ ផ្ទុយទៅវិញក្រោយការបង្រ្កាបកម្លាំងអនាធិបតេយ្យ ព្រះរាជាណាចក្រកម្ពុជា និងភ្នំពេញក៏ទទួលបាន នូវសុខសន្តិភាពពេញលេញ១០០%ចាប់ពីចុងខែធ្នូ ឆ្នាំ១៩៩៨ រហូតមក និងធ្វើឱ្យមានសុខដុមរមនីយកម្មទាំងផ្នែកសាសនា រហូតធ្វើឱ្យមានការកោតសរសើរពីសហរដ្ឋអាម៉េរិកថា ភាពសុខដុមរមនីយកម្មផ្នែកសាសនានៅកម្ពុជាមានភាពល្អប្រសើរ។
ចាប់តាំងពីឆ្នាំ១៩៩៨នោះមកដែរ ប្រជាជនខ្មែរទូទាំងប្រទេស មានតែស្នាមញញឹម គ្មានបារម្ភពី សុវត្ថិភាព ពីការបែកបាក់ ព្រាត់ប្រាសគ្នា ទាំងផ្ទាល់ខ្លួន និងគ្រួសារ ព្រោះពួកគេលែងបានឮសំឡេងអាវុធប្រយុទ្ធគ្នា លែងបានឮសំឡេងស្រែកថ្ងូររបស់អ្នកជំងឺ អ្នករងរបួសដោយសារសង្រ្គាមទៀត ហើយរាជធានីភ្នំពេញក៏បានពង្រីកខ្លួនពីចំនួនមនុស្សតិចតួច មកច្រើនស្ទើរហួសកម្រិត ពីទំហំផ្ទៃក្រឡាប្រមាណ៣០០គីឡូម៉ែត្រការ៉េ ដល់ជិត៧០០
គីឡូម៉ែត្រការ៉េ នៅឆ្នាំ២០២០។
សរុបសេចក្តីមក កុមារភាពរបស់លោក ហ៊ុន ម៉ាណែត មិនមែនជាកុមារភាព ដ៏មានសេចក្តីសុខ ដ៏សប្បាយឡូយឆាយនោះទេ ព្រោះនៅទីជាយៗ ជុំវិញភ្នំពេញ ដូចជាមុខកំពូល ឫស្សីកែវ ព្រែកព្នៅ នៅមានភាពអសន្តិសុខនៅឡើយ គឺមានការប្រយុទ្ធគ្នាម្តងម្កាល ដោយសារពួកទាហានបាក់ទ័ពខ្មែរក្រហម ឬហៅថា ទ័ពព្រៃលួចចូលមកបាញ់ប្លន់ទ្រព្យសម្បត្តិប្រជាជន ដុតឃ្លាំងអាវុធ និងស្បៀងនៅឡើយ។ គ្រួសារ ម៉ាណែត និងប្រជាជន ឬថ្នាក់ដឹកនាំដទៃទៀត រស់នៅក្នុងផ្ទះ ដែលគ្មានទឹកស្អាតប្រើប្រាស់។ ដំបូល និងជញ្ជាំងផ្ទះ លោក ម៉ាណែត រហែក និងលិចមុខក្រោយនៅពេលភ្លៀងធ្លាក់ម្តងៗ។ លោក ហ៊ុន ម៉ាណែត ទោះបីខ្លួនជាកូននាយករដ្ឋមន្រ្តី ក៏លោកត្រូវអនុវត្តកាតព្វកិច្ចដូចកុមារ ឬយុវជនដទៃទៀតដែរ គឺការធ្វើពលកម្ម និងយាមសាលា៕ ដោយ៖ គង់ សេដ្ឋាមុនី