ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសដាក់ចេញវិធានការជាក់លាក់លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើរយៈពេល ៦ខែម្ដង ព្រោះវ៉ាក់សាំងជាជម្រើសតែមួយគត់ ដើម្បីកាត់បន្ថយការឆ្លង ឬឆ្លងហើយមិន នាំទៅដល់សភាពធ្ងន់ធ្ងរ។
តាមរយៈសារសំឡេងជិត៨នាទី នាយប់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ សម្តេចតេជោ បានក្រើនរំលឹកថា ការចាក់វ៉ាក់សាំង គឺជាវិធានការដ៏ចាំបាច់ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។
សម្តេចតេជោបញ្ជាក់ថា «វ៉ាក់សាំងជាជម្រើសតែមួយគត់ ដែលនឹងជួយយើងកាត់បន្ថយការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់សភាពធ្ងន់ធ្ងរ»។ ខ្ញុំ ក៏បានឯកភាពជាមួយគោលការណ៍ ការស្នើឡើងអំពីរបៀបបន្ដសម្រាប់ដំណើរការចាក់វ៉ាក់សាំង គឺត្រូវរយៈពេល ៦ខែម្តង បន្ទាប់ពីដូសចុងក្រោយដែលត្រូវបានទទួល។ ការធ្វើបែបនេះ ទើបធានាថា ប្រជាពលរដ្ឋកម្ពុជា មាន ភាពស៊ាំក្នុងសហគមន៍រឹងមាំ បើមិនដូច្នោះ វ៉ាក់សាំងចុះខ្សោយ ងាយស្រួលក្នុងការវាយលុកពីជំងឺ ពិសេសជំងឺកូវីដ-១៩»។
សម្តេចតេជោក៏បានសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញ ដូចជា ៖ ចាក់ដូសជំរុញទី៤ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ, ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ, ចាក់ដូសជំរុញទី៦ ជូនដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់បានទទួលដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យនាំគ្នាទៅទទួលយកដូសជំរុញតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេច បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចរៀបចំផែនការផ្តល់វ៉ាក់សាំងដូសជំរុញ តាមការណែនាំខាងលើនេះ ដើម្បីធានាដល់ក្រវាត់ការពារសុខភាពពលរដ្ឋពីជំងឺកូវីដ១៩៕
ដោយ៖ រិន ចំរើន