ភ្នំពេញ ៖ ខណៈឆ្នាំ២០២២ជិតបញ្ចប់ហើយនោះ ស្រាប់តែមានហេតុការណ៍កើតមួយមិននឹកស្មានដល់ គឺករណីអគ្គិភ័យលេបត្របាក់អគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់និងរបួសច្រើនគួរសម។ ចំពោះករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកថា គឺជាសោកនាកម្មដ៏អាក្រក់ ក្នុងពេលជិតចប់ឆ្នាំចាស់ផ្លាស ចូលឆ្នាំថ្មី។
ថ្លែងចេញពីក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោង ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នាថ្ងៃ៣០ ធ្នូ សម្ដេចតេជោ បានចូលរួមរមណទុក្ខជាមួយគ្រួសារសពក្នុឧបទ្ទវហេតុឆេះកាស៊ីណូ នៅប៉ោយប៉ែត ។ សម្តេចក៏បានណែនាំអាជ្ញាធរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរុករកសាកសព ក្នុងករណីឆេះអាគារនេះដែរ។
សម្ដេចតេជោគូសបញ្ជាក់ថា «តាមការប៉ានស្មានអាច នឹងមានមនុស្សអាចស្លាប់រហូតដល់១៦នាក់ ប៉ុន្ដែយើងរកឃើញ១២នាក់ មនុស្សនៅទីនោះមានជាង១ពាន់នាក់ និងបុគ្គលិកជាង៥០០នាក់។ របួស៧៣នាក់ ទាំងខ្មែរ និងបរទេស ស្លាប់តាមការប៉ានស្មាន១៦នាក់ ហើយរកឃើញ១២នាក់ ។ ឥឡូវយើងបន្ដរកទៀត ។ នេះគឺជារឿងសោកនាកម្មមួយដែលបានកើតនៅក្នុងចុងឆ្នាំនេះ ដែលជារឿងអាក្រក់មួយ»។
ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការចេញ-ចូល នៅច្រកពំ្រដែនប៉ោយប៉ែតនេះ សម្ដេចតេជោ ក៏បានស្នើអាជ្ញាធរពាក់ព័ន្ធ រៀបចំសណ្ដាប់ធ្នាប់ភ្លាមៗ ដើម្បីសម្រួលដល់ពលរដ្ឋ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតឡើងនា យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត៕
ដោយ៖ រិន ចំរើន