គម្រោងទេសចរណ៍ BAY of LIGHTS បើកការដ្ឋានសាងសង់

ព្រះសីហនុ៖ គម្រោង BAY OF LIGHTS នៅថ្ងៃទី 20 ខែធ្នូនេះ ban បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅលើដីទំហំ ៨៣៤ហិកតា ស្ថិតនៅស្រុកឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែង ថា លោកពិតជាកោតសសើរក្រុមហ៊ុនព្រីនដែលបានចាប់ដៃគូរធ្វើការអភិវឌ្ឍនៅតំបន់នេះ ទោះបីថាមានការគំរាមកំហែងពីជំងឺកូវីដ ប៉ុន្តែនៅទីនេះ បន្តសកម្មភាពរបស់ខ្លួនទោះបីលំបាក ដើរយឺត យើងបានឃើញហើយថា នៅទីនេះមានផ្ទៃទឹក ដោយសារតែមានសក្តានុពលធ្វើការអភិវឌ្ឍ គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ការអភិវឌ្ឍខាងលើ ស្របតាមចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។

បើតាមលោក គួច ចំរើន គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ផាសុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់ខេត្តព្រះសីហនុមានការកើនឡើងជាគំហុក។

ការអភិវឌ្ឍរបស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT Co.,LTD និង ក្រុមហ៊ុន Prince Real Estate Groupនឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ «ទីក្រុងរាម» ស្របតាមនីតិវិធីជាធរមានរបស់គម្រោង BAY OF LIGHTS (អតីតគម្រោងទីក្រុងរាម) គឺជាគម្រោងអភិវឌ្ឍលំដាប់ថ្នាក់ពិភពលោក ដែលបានបំផុសគំនិតទម្រង់ទីប្រជុំជនមួយប្រកបដោយនិរន្តរភាពសម្រាប់ស្រុកព្រៃនប់ដែលគ្របដណ្ដប់លើផ្ទៃដី ៨៣៤ហិកតា នៅតំបន់ឆ្នេររាម ផ្ដល់នូវភាពល្អឥតខ្ចោះទាំងទីតាំង ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នាពេលខាងមុខ៕ ដោយ៖ ពុទ្ធិពល