រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាឱកាសមាសក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើងកំពុងទទួលបាន គឺជាឱកាសមាសក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ កត្តាទាំងអស់នេះហើយ បានអនុញ្ញាតឱ្យកម្ពុជា មានតំបន់អភិរក្សរបស់ខ្លួនច្រើនជាងមុន និងធ្វើឱ្យកម្ពុជាមានការគិតគូរពីបរិស្ថាន។ តំបន់អភិរក្ស ជាសសរកន្លោងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេស ជីវភាពសហគមន៍។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងដូច្នេះ ក្នុងវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» គឺយន្តការបន្ត ក្នុងការពិនិត្យវឌ្ឍនភាព នៃការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះ ពិភាក្សា និងដោះស្រាយនូវការប្រឈមនានា និងការដាក់ចេញនូវទិសដៅ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានធមុ្មជាតិប្រកបដោយការចូលរួម និងមាននិរន្តរភាពនៅក្នុងតំបន់ការពារធម្មជាតិ។

វេទិកានេះ ប្រព្រឹត្តទៅក្នុងគោលបំណងចម្បងៗមួយចំនួនរួមមាន៖ ១)ពិនិត្យវឌ្ឍនភាពនៃការចូលរួម គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ២)ចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជម្រើសមុខរបរចិញ្ចឹមជីវិត ដោយមិនពឹងអាស្រ័យតែលើធនធានធម្មជាតិ និង៣)លើកកម្ពស់ភាពជាម្ចាស់ និងផ្តល់ឱកាសដល់សហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព ដាក់ចេញនូវទិសដៅរួម ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងជំរុញពិពិធកម្មមុខរបរ ប្រកបដោយលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពទៅនឹងការអភិរក្ស៕ ដោយ៖ គង់ សេដ្ឋាមុនី