ភ្នំពេញ ៖ ឆ្លើយតបទៅលោក សម រង្ស៊ី ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលក្នុងករណីរិះគន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភព លោកនោះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ជាមហាកិត្តិយស និងជាក្តីអាម៉ាស់បំផុតរបស់លោសម រង្ស៊ីព្រមទាំងពួក ប្រឆាំងនានា។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ពីមិត្តចិន។ ក្រោយទទួលហើយមានអ្នកអបអរនិងអ្នករិះគន់ផងដែរ។
សម្រាប់មតិរិះគន់ពីក្រុមប្រឆាំង ត្រូវបានលោក សុខ ឥសាន ចេញមុខការពារនាថ្ងៃ២១ ធ្នូនេះថា “ការដែល សម្តេចតេជោហ៊ុន សែនបានទទួលពានរង្វាន់សមិទ្ធ ផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក គឺជាមោទកភាពជាតិកម្ពុជា និងក៏ជាក្តីអាម៉ាស់បំផុតរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ៣ជំនាន់(សមរង្ស៊ី)ដែលតែងតែក្អេងក្អាងថា ខ្លួនជាបញ្ញវ័ន្តស្រុកបារាំង”។
លោក សុខ ឥសានបន្តថា បញ្ញវ័ន្តស្រុកបារាំងដូច ប៉ុល ពត អៀង សារី ខៀវសំផន សុន សេន និងសម រង្សុី សុទ្ធតែជាបញ្ញវ័ន្តបំផ្លាញជាតិ និងបងបង់បាយ។
ជាមួយគ្នានេះដែរ លោកថា ពួកប្រឆាំងនិយាយថាសម្តេចតេជោ មិនសមបានទទួលពានរង្វាន់សមទ្ធិផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោកទេ តែជាក់ស្តែងសម្តេចស័ក្តសមរួចទៅហើយ។
បើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលបានរិះគន់ថា សម្តេចតេជោមិនស័ក្ដិសម ទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមឡើយ “ព្រោះក្រោមការដឹកនាំ របស់សម្តេចការស្ដារលទ្ធិប្រជាធិបតេយ្យ និងការ គោរពសិទ្ធិមនុស្សហាក់មិនមានភាពប្រសើរឡើង ឡើយ”។
សូមបញ្ជាក់ថា ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូល បច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោបានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕ ដោយ៖ រិន ចំរើន