ផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ ក្នុងនោះសំណល់ប្លាស្ទិកត្រឹមតែ ៩%ប៉ុណ្ណោះ ត្រូវបានកែច្នៃ

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានផលិតផលប្លាស្ទិកសរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបានត្រឹមតែ ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ។

នេះជាការលើកឡើងរបស់ លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ជាមួយគ្នានោះ ក្នុងមួយឆ្នាំ មានសំណល់ប្លាស្ទិក ប្រមាណពី ៨ ទៅ៩លានតោន បានហូរចូលទៅក្នុងសមុទ្រ ហើយសំណល់ទាំងនេះ នឹងបំបែកបង្កើតជាពពួកមីក្រូ និងណាណូប្លាស្ទិក ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានសមុទ្រ។ ជាពិសេស មីក្រូ និងណាណូប្លាស្ទិកនេះ ក៏ជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស ព្រោះវាអាចឆ្លងចូលចង្វាក់អាហារមកក្នុងខ្លួនមនុស្ស និងចូលទៅក្នុងសរសៃឈាម៕ ដោយ៖គង់ សេដ្ឋាមុនី