ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវ «សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់អធិការការងារ សម្រាប់ពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភា។
ថ្លែងនៅក្នុងពិធីប្រកាសនៅថ្ងៃទី ១២ ខែធ្នូនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា «សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» ជាផែនទីបង្ហាញផ្លូវសម្រាប់ចុះធ្វើអធិការកិច្ចការងារ ឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព សំដៅលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ។
លោកបន្តថា «សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» ក៏ជាសមិទ្ធផលដ៏មានសារសំខាន់ថ្មីមួយទៀត ក្រោមគម្រោងរបស់អង្គការ GIZ ក្នុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។
បើតាម លោក អ៊ិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែសម្រួលយន្តការអធិការកិច្ចការងារ តាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារ ច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយ និងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ ដោយក្រសួងបានបន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយ សំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្ម កាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ច ដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា គិតត្រឹម៩ខែ ឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះ អធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើក ចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន ១០លើក និងចុះអធិការកិច្ចការងារពិសេសចំនួន ១១០លើក។ តាមរយៈការចុះអធិការកិច្ចការងារនេះ ពិនិត្យឃើញថា អត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការថយចុះជាបន្តបន្ទាប់។
របាយការណ៍នេះបន្តថា ក្រសួងបានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងវិស័យការងារឱ្យក្លាយជាអធិការការងារ អធិការពេទ្យការងារ និងអភិបាលការងារ ដោយបានផ្តល់វិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារ ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ជាមន្ត្រីនគរបាលយុត្តិធម៌។ បន្ថែមលើនេះទៀត ដើម្បីគ្រប់គ្រងទិន្នន័យអធិការកិច្ចការងារ សំដៅពង្រឹងប្រសិទ្ធភាពនៃចុះអធិការកិច្ចការងារ ក្រសួងបានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃ១ ខែមករា ឆ្នាំ២០២២។
តាមរយៈវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៨ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់សំដៅពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់បរិយាយកាសវិនិយោគនៅកម្ពុជាក្នុងនោះ បានកំណត់នូវអាទិភាពក្នុងការរៀបចំក្រុមអធិការកិច្ចអន្តរស្ថាប័ន និងចុះតែមួយលើកចំពោះគោលដៅតែមួយ ដោយច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយនិងចុះតែមួយលើកក្នុង១ឆ្នាំ ចំពោះគោលដៅមួយ ដោយរៀបចំជាបញ្ជីសកម្មភាពអធិការកិច្ចនិងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីមានបទល្មើស ដែលត្រូវឱ្យមានការធ្វើអធិការកិច្ចពិសេសដោយឡែក របស់ក្រុមការងារជំនាញមានសមត្ថកិច្ច។
បច្ចុប្បន្ន ក្រុមការងារ រៀបចំក្រុមអធិការកិច្ចអន្ដរស្ថាប័នក្នុងវិស័យចំនួន ៣ ត្រូវបានបង្កើត រួមមាន វិស័យកម្មន្ដសាល, វិស័យ កសិកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន ៦ ដូចជា៖ វិស័យកម្មន្ដសាល (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន), វិស័យកសិកម្ម (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន) និងវិស័យឧស្សាហកម្មទេសចរណ៍ (ក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល)។ ក្រុមអធិការកិច្ចអន្តរស្ថាប័ន បានជួបប្រជុំជាច្រើនលើក ដើម្បីដាក់ផែនការចុះធ្វើអធិការកិច្ចនៅដើមឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖ ពុទ្ធិពល