ភ្នំពេញ៖ នៅទីបំផុតទៅព័ត៌មានផ្លូវការជុំវិញការបើកការដ្ឋានសាងសង់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) តម្លៃជាង២៤៥លានដុល្លារអាមេរិក គឺនឹងធ្វើឡើងនៅចុងឆ្នាំ២០២៣ខាងមុខនេះ បើគ្មានអ្វីប្រែប្រួលទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ។
ការប្រកាសនេះគឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េបានសម្រេចទម្លាក់ កញ្ចប់ថវិកាចំនួនជាង២៤៥លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ)។ កញ្ចប់ថវិកាសម្រាប់សាងសង់ស្ពាននេះនឹងប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៩ ធ្នូនេះ ដោយមានការចុះហត្ថលេខាប្រគល់ទទួលរវាងភាគីកម្ពុជា-កូរ៉េ ដោយភាគីកម្ពុជាតំណាងដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងភាគីកូរ៉េ តំណាងដោយលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៩ ធ្នូនេះ លោកហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា «ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺការធ្វើនិតិវិធី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ការជ្រើសរើសក្រុមហ៊ុនដើម្បីធ្វើការសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់»។
លោកក៏បានបញ្ជាក់លម្អិតពីការសាងសង់ស្ពាននេះថា «ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន»។
បើតាមអ្នកនាំពាក្យរូបនេះ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។
ព្រមជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ អរិយក្សត្រនេះ ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើនិតិវិធីដោះស្រាយផលប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះ ប្រព្រឹត្តទៅដោយរលូន ជាប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក៕ ដោយ៖ ឧត្តម