កោះកុង៖ រដ្ឋបាលឃុំកណ្តោល នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានចេញមុខបដិសេធថា ខ្លួនមិនបានកៀរគរលុយពីប្រជាពលរដ្ឋនោះទេ ពាក់ព័ន្ធនឹងករណីមានគេដើរប្រមូលលុយពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចំនួន ២៥ ម៉ឺន ដើម្បីដោះស្រាយបញ្ហាដីធ្លី ។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលឃុំកណ្តោល កាលពីថ្ងៃទីនៅថ្ងៃទី ៩ ខែធ្នូនេះ ឱ្យដឹងថា ដោយមានការខិតខំប្រឹងប្រែង និងមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវអភិបាលខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរឃុំកណ្តាល បានត្រៀមធ្វើការរៀបចំបែងចែកដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋចំនួនពីរភូមិ ស្ថិតនៅ ភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
សេចក្តីជូនដំណឹងនេះបន្តថា កន្លងមកឃើញថាមានជនខិលខូច មួយចំនួនដើរញុះញ៉ង់ និងដើរប្រមូលលុយកាក់ពីបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារចំនួន ២៥,០០០ រៀល (ម្ភៃប្រាំពាន់រៀលគត់) ដើម្បីរត់ឯកសារដីធ្លី ឬទុកសម្រាប់ទៅប្រជុំការងារដីធ្លីផ្សេងៗ។
បើតាមសេក្តីជូនដំណឹងនេះ ក្នុងករណីនេះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ មិនបានកៀងគរលុយពីប្រជាពលរដ្ឋនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំកណ្ដោល ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិប្រលាន និងភូមិតាំកន់ សូមកុំចាញ់បោកជនខិលខូចទាំងនោះ៕ ដោយ៖ ពុទ្ធិពល