សម្តេចតេជោ ៖ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿន មួយខ្សែទៀត ភ្ជាប់ពីភ្នំពេញទៅបាវិត

ភ្នំពេញ ៖ ខណៈកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពក្នុងពិធីសមុទ្រនៅ ក្រុងព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំ សម្តេចនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត។

សម្តេចតេជោគូសបញ្ជាក់ថា “យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម”។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)មានប្រវែងសរុបប្រហែល ១៣៥គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតប្រើប្រាស់ថវិកា ១៦៣៨ លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣៕ ដោយ៖ រិន ចំរើន