ព្រះសីហនុ៖ សក្តានុពលទេសចរណ៍បាតសមុទ្ររបស់កម្ពុជា ពេជ្រមិនទាន់ច្នៃ នៅលើដី កម្ពុជាជាមហាអំណាចវប្បធម៌ និងជីវៈចម្រុះគ្រប់ប្រភេទ។
កម្ពុជាជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ កម្ពុជាមានវត្តមានប្រភេទថនិកសត្វ ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងទៀតថា នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ ចំណែកនៅបាតសមុទ្រកម្ពុជាក៏សម្បូណ៌ដោយធនធានធម្មជាតិ ដែលជាសក្តានុពលទេសចរណ៍មួយទៀតដ៏សំខាន់របស់កម្ពុជាដែលមិនទាន់បាន ទាញផលច្រើននៅឡើយ។ ទេសចរណ៍បាតសមុទ្រ ត្រូវបានគេចាត់ទុកថាជាទេសចរណ៍កម្រិតខ្ពស់ មានន័យថាជាប្រភេទទេសចរណ៍ដែលត្រូវការចំណាយថវិកាច្រើន និងឧបករណ៍បច្ចេកទេសត្រឹមត្រូវដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។
លើសពីនេះ រាល់អាជីវកម្មទេសចរណ៍ជ្រមុជទឹកមើលផ្កាថ្មត្រូវមានការទទួលស្គាល់ពីPADI ( Professional Association of Diving Instructions) ទៅលើសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវ។ ទៅអនាគតដ៏ខ្លី កម្ពុជារំពឹងថាទេសចរណ៍បាតសមុទ្រនឹងបង្កើនការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិកាន់តែច្រើន ខណៈឆ្នេរសមុទ្រកម្ពុជាមានប្រវែង ៤៤០ គីឡូម៉ែត្រ និងពោរពេញដោយធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ៕