សម្ដេចតេជោ ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា៣នាក់រងរបួសដោយគ្រាប់មីន ពេលបំពេញបេសកម្មនៅម៉ាលី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានថ្លែងឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន៣នាក់ បានរងរបួសដោយសារគ្រាប់មីនស្កាត់ផ្លូវ ក្នុងពេលបំពេញ បេសកម្មនៅប្រទេសម៉ាលី។

នាឱកាសអញ្ជើញអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea (Cambodia) នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានមាន ប្រសាសន៍អំពីការតស៊ូរបស់កងទ័ពកម្ពុជាថា នាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងប្រទេសចំនួន៤ ខណៈនៅលីបង់ អាចចាត់ទុកថា នៅមានការវិនិយោគ ប៉ុន្ដែនៅម៉ាលី អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង ប្រហែលជាមិនមានអ្នកណាទៅប្រថុយប្រថាន ក្នុងការដាក់ទុនវិនិយោគក្នុងប្រទេសមានសង្គ្រាមឡើយ។

ក្នុងនោះសម្ដេចតេជោគូសបញ្ជាក់ថា «កងទ័ពយើងប៉ុន្មានថ្ងៃនេះរបួស ៣នាក់ នៅក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលកងទ័ពរបស់យើងធ្វើដំណើរ»។

សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ ដោយ៖ រិន ចំរើន