កូវ៉ែតបង្ហាញបំណងក្នុងការផ្គត់ផ្គង់ប្រេងឥន្ទនៈដល់កម្ពុជា

ភ្នំពេញ៖ លោក Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា បង្ហាញពីបំណងក្នុងការចូលរួមផ្គត់ផ្គង់ប្រេងឥន្ទនៈដល់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងជំនួបពិភាក្សាជាមួយលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Mohamad S SH S Alhajri ថ្លែងបញ្ជាក់ពីឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans)។

លោកបាន ស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព រួមមាន៖ កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះ លោក បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងពីច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរួមមានព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។

ក្នុងន័យនេះ លោក បានលើកទឹកចិត្តវិនិយោគិនកូវ៉ែតឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជាដែលមានគុណភាពនិងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីននិងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន, កែវនិងវត្ថុធ្វើពីកែវ។-ល-៕ ដោយ៖ ពុទ្ធីពល