ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិកា និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រសួងយុត្តិធម៌ បានផ្តួចផ្តើមគំនិត និងរៀបចំគម្រោងការដើម្បីអភិវឌ្ឍប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមឌីជីថល ដែលរហូតមកដល់ពេលនេះ ក្រសួងយុត្តិធម៌ បានសម្រេចតាមផែនការដែលបានគ្រោងទុក ហើយនឹងដាក់ឱ្យដំណើរការសាកល្បងលើគម្រោងនេះ នាពេលខាងមុខ។
ការបង្ហើបឱ្យដឹងនេះ ខណៈ លោក គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរវាងគណៈប្រតិភូក្រសួងយុត្តិធម៌ និងគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោសឌីជីថលរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក គង់ ម៉ារី ប្រធានគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគម្រោងចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx) ដែលគម្រោងនេះ អាចផ្លាស់ប្តូរទិន្នន័យទៅក្រសួងស្ថាប័នផ្សេងៗបាន។
លោក គឹម សន្តិភាព បានស្វាគមន៍ និងរីករាយជានិច្ចក្នុងការសហការការដើម្បីអភិវឌ្ឍប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោសឌីជីថលរបស់ក្រសួងយុត្តិធម៌ ភ្ជាប់ជាមួយប្រព័ន្ធCamDx តាមជំហានៗដែលអាចធ្វើបាន និងស្នើឱ្យក្រុមការងារបច្ចេកទេសទាំងពីរបន្តសិក្សាបន្ថែមលើគម្រោងនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី