ភ្នំពេញ ៖ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាថ្ងៃទី៣០ វិច្ឆិកា ។
សេចក្តីប្រកាសឲ្យដឹងទៀតថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្ត ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។
សហព័ន្ធបន្ថែមថា សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។
សហព័ន្ធបន្ដថា សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា «ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា”។
សូមរំលឹកថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ គឺឆ្នាំ២០២០ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕ ដោយ៖ រិន ចំរើន