សៀមរាប៖ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់“វិស័យទេសចរណ៍ជាមាសបៃតង”និងជាវិស័យដែលចូលរួមដល់ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០។ តាមរូបមន្ត “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ, ឯកជន, ប្រជាពលរដ្ឋ, និង ដៃគូរអភិវឌ្ឍន៍នោះ។សមាគមក្លឹបទេសចរណ៍សៀមរាបហៅកាត់ថា“S.T.C” ក្រុមហ៊ុន Nippon Koei Co.,Ltd ហៅកាត់ថា “NK” ក្រុមហ៊ុន SOKEN ហៅកាត់ថា “SOKEN” និងក្រុមហ៊ុន Haystack Labs Studio Co., Ltdu ហៅកាត់ថា “HAYSTACK” បានចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ នៅក្រុងសៀមរាប ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងនេះ ក្លឹបទេសចរណ៍ខេត្តសៀមរាប មានបេសកកម្ម ដើម្បីចូលរួមជាមួយរាជដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្តភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ និងដៃគូអភិវឌ្ឍនានាដើម្បីស្តារ និងលើកកម្ពស់ទេសចរណ៍ក្នុងខេត្ក ក្នុងដំណើរឈាន ទៅរកការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់តម្លាភាព ការកសាងសមត្ថភាព កម្លាំងពលកម្មទេសចរណ៍ ការដឹកនាំបង្កើតព្រឹត្តិការណ៍ផ្សេងៗ និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកទិញ និងអ្នកលក់សេវាកម្មទេសចរណ៍ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សហការគ្នា ផ្តល់មកវិញនូវផលចំណេញទាំងសងខាង។ ចំណែកខាងក្រុមហ៊ុនជាអ្នកជួយបច្ចេកទេស និងថវិកា។
កិច្ចព្រមព្រៀងនេះភាគីពាក់ព័ន្ធបានធ្វើការអភិវឌ្ឍន៍គំរូ ថ្នាលទេសចរណ៍ឌីជីថលមួយ សម្រាប់វិស័យទេសចរណ៍របស់ខេត្ត ក្រោមកិច្ចគាំទ្រពីរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធនានា ដើម្បីឈានទៅរកសេដ្ឋកិច្ចទេសចរណ៍ប្រកបដោយនិរន្តរភាព និងមានភាពឆ្លាតវៃ ស្របតាមបរិបទសម័យកាលទំនើប ព្រោះវិស័យព័ត៌មានវិទ្យា ជាកត្តាចាំបាច់ដែលត្រូវតែមាន។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ វិធានការ ផែនការ និងយុទ្ធសាស្ត្រ ជាច្រើនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នឹងប្រែក្លាយខេត្តសៀមរាបឱ្យទៅជាតំបន់ទេស ចរណ៍ដែលមានតុល្យភាព និងនិរន្តរភាព ប្រកប ដោយគុណភាពខ្ពស់ និងជំរុញល្បឿននៃភាពរីកចម្រើនរបស់វិស័យទេសចរណ៍ខេត្តសៀមរាប ឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ទៀ សីហា រំពឹងថា ការបង្កើតនូវថ្នាលទេសចរណ៍ឌីជីថលថ្មីមួយ តាមរយៈអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃនេះ នឹងនាំមកនូវការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
លោក Masaki Kawaguchi នាយកការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបបានលើកឡើងថា នៅដើមឆ្នាំក្រោយ គឺជាខួបលើកទី៧០នៃ ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះគំនិតផ្តួចផ្តើមទេសចរណ៍ឆ្លាតវៃ របស់យើងដែលចាប់ផ្តើមដោយវិស័យឯកជនជប៉ុន និងកម្ពុជានៅខេត្តសៀមរាប នឹងក្លាយជាគម្រោងនិមិត្តសញ្ញាដ៏មានសារ:សំខាន់បំផុតមួយសម្រាប់ការប្រារព្ធខួបលើកទី៧០នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជប៉ុន និងកម្ពុជានេះ៕ ដោយ៖ គង់ សេដ្ឋាមុនី