មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានសម្ដែងការសោកស្ដាយចំពោះ សត្វកែះញីមួយក្បាលដែលជាប់អន្ទាក់និងរងរបួសបានស្លាប់

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់តាមហ្វេសប៊ុករបស់លោកថា ពិតជាគួរឱ្យសោកស្តាយជាទីបំផុតសត្វកែះញីមួយក្បាលដែលជាប់អន្ទាក់និងរងរបួស បានស្លាប់ហើយ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។

ការស្លាប់របស់សត្វកែះនេះត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថា ដោយសារតែវារងរបួសធ្ងន់ធ្ងរដោយសារតែជាប់ អន្ទាក់ ព្រានព្រៃដេញវាយជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។
លើសពីនេះទៀត សត្វកែះញីមានសុខភាពទន់ខ្សោយ ដោយសារតែមានផ្ទៃពោះនិងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ។ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទ្យបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំង មិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានស្លាប់បាត់បង់ជីវិត។

ក្រសួងបរិស្ថានសូមសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការបាត់បង់ប្រភេទសត្វកម្រនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿថា សាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អ គឺមិនពិតឡើយ។ សូមចូលរួមអភិរក្សសត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទដើម្បីមនុស្សជំនាន់ក្រោយ៕ ដោយ៖ គង់ សេដ្ឋាមុនី