សម្ដេចតេជោ ឱ្យលើកកម្ពស់វិស័យកីឡា និងត្រៀម ខ្លួន ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានណែនាំឱ្យជំរុញ និងលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីធានាបានជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះ។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជន ពិការជាតិលើកទី១ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តមិនទាន់មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡា ឬសមាគម កីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្តរបស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

សម្ដេចតេជោបន្ថែមថា “គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិត អន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ”។

សម្ដេចតេជោ បញ្ជាក់ថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ-តួអង្គតែមួយ» ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំ នៅឆ្នាំ២០២៣។

សម្ដេចតេជោ បានអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ ចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ ប្រកាន់ខ្ជាប់នូវស្មារតី «ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់» ពិសេសប្រជាជន នៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣រៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុប តែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើក មុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូ-កីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖ រិន ចំរើន