ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា នឹងចុះឈ្មោះចូលរួមប្រកួតក្នុងឋានៈជាកីឡាអុកចត្រង្គ ក្នុងប្រព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាឆ្នាំ២០២៤ ខាងមុខ។
ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជន ពិការជាតិ លើកទី១ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានឲ្យកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នាឆ្នាំ២០២៤ ។
សម្ដេចតេជោបន្តថា «ខ្ញុំសូមបញ្ជាក់ថា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំនឹងចូលរួមប្រកួត ក្នុងឋានៈជាកីឡាលេងអុកចត្រង្គ សូមចុះឈ្មោះលេងពីឥឡូវ ទោះបីចាញ់ ឬឈ្នះ ក៏បានអង្គុយកំដរសម្រាប់កីឡា ជាចាស់មួយនេះ»។
សម្ដេចតេជោ រំលឹកថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង បង្កើនសាមគ្គីភាព ព្រមទាំងលើកកម្ពស់មូលធនសង្គមផងដែរ ។
សម្ដេចតេជោបន្ដថា ការរៀបចំការប្រកួត និងរៀបប្រកួតកីឡា បានបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងកីឡាករ កីឡាការិនី ដូចជា ៖ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត៕ ដោយ៖ រិន ចំរើន