ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគម្រោងសំខាន់នៃ កិច្ចសហប្រតិបត្តិការលើវិស័យសាធារណការ និងដឹកជញ្ជូន ជាមួយភាគីអន្តរជាតិចំនួន៥ ដែលកម្ពុជាបានធ្វើលើវិស័យទាំងនេះ នាពេលកន្លងមកនេះ ។
ការបង្ហាញរបស់លោក ស៊ុន ចាន់ថុល នេះ ធ្វើឡើង ក្នុងពេលដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា និង បទបង្ហាញស្តីពីវឌ្ឍនភាពការងារសំខាន់ៗ រួមជាមួយគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីអន្តរជាតិជាច្រើន កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោកបន្តថា គម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការនិងដឹកជញ្ជូននិង
ភាគីអន្តរជាតិនានារួមមានដូចជា៖ ១).កិច្ចសហការជាមួយភាគីវៀតណាម ក្នុងការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលភាគីទាំងពីរបានបង្ហាញផែនទីទីតាំងចំណុចតភ្ជាប់ដែលមានភាពស៊ីគ្នា និងកំពុងរង់ចាំការរៀបចំលិខិតផ្លូវការជាលាយលក្ខណ៍អក្សរ ដើម្បីឈានទៅរកការអនុវត្តរួមគ្នាបន្ត និងការងារពិនិត្យលទ្ធភាពបើកច្រកព្រំដែននៃប្រទេសទាំងពីរ។
២).កិច្ចសហការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីដើម្បីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀង ដើម្បីបញ្ចៀស និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ។
៣).កិច្ចសហការជាមួយភាគីជប៉ុន ក្នុងការជំរុញនីតិវិធីដេញថ្លៃលើគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ (កំពង់ផែស្វយ័តក្រុងព្រះសីហុន) ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ JICA ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៥ ឬ២០២៦ ។
៤).កិច្ចសហការជាមួយភាគីចិន លើការចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀងគម្រោងសំខាន់ៗមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការត្រៀមលក្ខណៈរៀបចំពិធីសម្ពោធ និងពិធីបើកការដ្ឋាខ្សែផ្លូវជាតិអាទិភាព ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និង ៥).ទស្សនីយភាពការដាក់បង្ហាញជាផ្លូវការរូបភាព3D នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ Phnom Penh Logistics Complex-PPLC ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលជាការវិនិយោគសាងសង់ដោយក្រុមហ៊ុននៃប្រទេសសិង្ហបុរី៕ ដោយ៖ ពុទ្ធិពល