ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរ នៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំជាការផ្តល់ជូនពិសេស នូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅគ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ៣០ ខែវិច្ឆិការនេះ ឱ្យដឹងថា ដើម្បីទទួលបានឧបករណ៍ ETC-OBU សូមបងប្អូនភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណម្ចាស់យានយន្ត បណ្ណសំគាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)។
ចំពោះគន្លងនេះ បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្នមានគ្រឹះស្ថានដៃគូ ចំនួន៧ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត ក្នុងនោះរួមមាន៖ ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបងប្អូនចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh
បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវETC បងប្អូនក៏អាចជ្រើសយកការចេញចូលតាមគន្លងANPR ផងដែរ ដែលតម្រូវអោយបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា។ ទំនាក់ទំនង៖ ព័ត៌មានពីសេវាកម្ម៖ 1399 និង ព័ត៌មានទូទៅ៖ 1275៕ ដោយ៖ ពុទ្ធិពល