លោក អ៊ុក ប្រជា៖ ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ

ភ្នំពេញ៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន។

ការថ្លែងរបស់លោក អ៊ុក ប្រជា នេះធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

លោកបន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្មជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាន នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការ ស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។

លោកបញ្ជាក់ថា យោងតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ឆ្នាំ ២០០២ រយៈពេលនៃការចុះបញ្ជីម៉ាក គឺមានរយៈពេល ៩ (ប្រាំបួន) ខែ ប៉ុន្តែនាយកដ្ឋានបាននឹងកំពុងពង្រីក សមត្ថភាពរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយរយៈពេលនេះមកត្រឹមចន្លោះពី ៥ (ប្រាំ) ទៅ ៧ (ប្រាំពីរ) ខែវិញដើម្បីបម្រើផលប្រយោជន៍ជូនអ្នកដាក់ពាក្យស្នើសុំទាំងអស់។ ជារួម កម្ពុជា អាចត្រូវ បានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងអាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿន៕ ដោយ៖ ពុទ្ធីពល