ក្រសួងវប្បធម៌៖ ការចុះបញ្ជី “គុនប្បុក្កតោ” គឺជាជោគជ័យ និងមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់កម្ពុជា

ភ្នំពេញ៖ គុនប្បុក្កតោកម្ពុជា ត្រូវបានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្ដីសម្រេច17.COM7.B.1 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណ:កម្មាធិការអន្តរជាតិរដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក។

ក្រសួងវប្បធម៌ ឱ្យដឹងថា ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូគឺជាជោគជ័យ និង មោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។

បេតិកភណ្ឌវប្បធម៌ទាំងរូបី និង អរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែលបានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង៕ ដោយ៖ សៀង ហៃ