ភ្នំពេញ៖ កាប្រកួតកីឡាកាយសម្ព័ន្ធនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាទាំងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី និងការរៀបចំរបស់មន្ត្រីបច្ចេកទេស នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រីបច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍន៍ប្រភេទកីឡានេះរហូតជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗមានសមត្ថភាពល្អៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព និងមេដាយក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី៣លើប្រភេទកីឡាកាយសម្ព័ន្ធ ឆ្នាំ២០២២ទទួលបាននូវលទ្ធផលល្អប្រសើរ។ លោក ថោង ខុន បានបញ្ជាក់ថា លទ្ធផលនេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក ហើយលទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសមាជិកប្រតិបត្តិសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយការលះបង់ពេលវេលា និងកិច្ចខិតខំរបស់មន្ត្រីបច្ចេកទេសផងដែរ។
ជាមួយគ្នានេះ លោក ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ដោយគោរពបានតាមការណែនាំរបស់គណៈកម្មាធិការរៀបចំកីឡាជាតិលើកទី៣ រួមមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តន៍តាមបទបញ្ហាបច្ចេកទេសក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតចប់កម្មវិធី។
បន្ថែមពីលើនេះ លោក ថោង ខុន សូមឱ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជាខិតខំដកស្រង់បទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធទាំងនេះមកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីឱ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ និងសូមឱ្យសហព័ន្ធខិតខំបំផុសមហាជនឱ្យស្រឡាញ់ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធបន្ថែមទៀត នៅគ្រប់រាជធានី-ខេត្ត។
លោក រដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការកោតសរសើរជាថ្មីចំពោះប្រតិភូដឹកនាំកីឡាកាយសម្ព័ន្ធ នៃក្រសួងខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតខាងលើ ប្រកបដោយ មិត្តភាព សាមគ្គីភាព ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវដោយមិនគិតតែពីការយកឈ្នះចាញ់ពោលគឺ ឈរលើស្មារតី លេងកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស (Fair Play)។
លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគូសបញ្ជាក់ថា ការប្រកួតនេះមានក្រសួង និងខេត្តចូលរួមចំនួន៤ ដោយមានកីឡាករ កីឡាការិនីសរុប ៥៣នាក់ ប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក មន្ត្រីបច្ចេកទេស ចៅក្រម ៣៥នាក់។ ជាមួយគ្នានេះ គណៈកម្មការបច្ចេកទេសក៏សម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំងកាយសម្ព័ន្ធអាតទីស្ទិក និងកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើគ្រប់វិញ្ញាសាប្រកបដោយគុណភាពខ្ពស់ផងដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី