ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាយបំភ្លឺចំពោះការចាប់ឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ដែលចាកចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។
ការចេញសេចក្ដីស្រាយបំភ្លឺនេះ ឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិលកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅបានធ្វើសេចក្ដីថ្លែងការណ៏ទាមទារឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដែលត្រូវបានចោទប្រកាន់តាមដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ០១៩ អ.យ.ន ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អយ្យកាអមសាលាដំបូង បញ្ជាក់យ៉ាងច្បាស់ថា យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា “ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើមសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន “។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា ជនចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដីកនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។
ករណីនេះ នៅពេលចៅក្រមស៊ើបសួរ សម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរ ប្រើប្រាស់វិធានការជំនួសមកវិញនូវដីការសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃត្រួតពិនិត្យតាមតុលាការ ដែលដីការសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងមាត់៕ ដោយ៖ សាន សៀងហៃ