ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលជាបក្សលោកបណ្ឌិតយ៉ង សាំងកុមារ ធ្លាប់រស់ នៅជាមួយបានប្រកាសស្វាគមន៍ចំពោះលោកបានទទួលតួនាទី និងឋានៈ ។ បក្សនេះថា គឺស័ក្តិសមនឹងសមត្ថភាពរបស់លោក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គ ប មនាថ្ងៃ២៩ វិច្ឆិកា។
គ ប ម សង្ឃឹមថា រាជរដ្ឋាភិបាលនឹងផ្តល់អំណាច ធនធាន និងសិទ្ធិគ្រប់គ្រាន់ ជូនលោកយ៉ង សាំងកុមារ ក្នុងការបំពេញភារកិច្ចបម្រើកសិករខ្មែរ ទៅតាមគម្រោងដែលគាត់បានបង្ហាញ។
ជាមួយគ្នានេះ គ ប ម នឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីដោះស្រាយរកអ្នកមកជំនួសតួនាទីរបស់លោក បណ្ឌិត យ៉ង សាំងកុមារ ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តដំណើរទៅមុខទៀត បើទោះបីពុំមានលោកបណ្ឌិត យ៉ង សាំងកុមារក៏ដោយ។
លោកបណ្ឌិត យ៉ង សាំងកុមារត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម និងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ខណៈលោក ឡឹក សុធារ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម តបតាមសំណើពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រោយពីសម្រេចចិត្តទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន៕ ដោយ៖ រិន ចំរើន