រដ្ឋមន្រ្តីមហាផ្ទៃឯកភាពឱ្យសិក្សាកំណត់ឆ្នាំរថយន្ដមួយទឹកនាំចូលកម្ពុជា ដើម្បីកាត់បន្ថយរថយន្ដជជុះ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឯកភាពឱ្យសិក្សាកំណត់ឆ្នាំរថយន្ដមួយទឹកដែលនាំចូលកម្ពុជា ដើម្បីកាត់បន្ថយនាំចូលរថយន្តជជុះ ដែលមានហានិភ័យនានា។

សម្ដេចក្រឡាហោម ស ខេង ឯកភាពឱ្យសិក្សាបែបនេះ ក្រោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃ យ៍ គ.ស.ច.គ បានលើកឡើងជាយោបល់ថា បច្ចុប្បន្ន កម្ពុជាមានរថយន្តផលិតក្រោម១០ឆ្នាំមុន កំពុងប្រើប្រាស់ប្រមាណ៥០ភាគរយ ហើយការកំណត់ឆ្នាំផលិត រថយន្តនាំចូលកម្ពុជានេះ ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់បរិស្ថាន ខណៈកម្ពុជា ក៏មិនអាចបណ្ដោយខ្លួនឱ្យក្លាយជាទីផ្សារនាំចូលរថយន្តជជុះផងដែរ។

ក្នុងកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើទី២ ឆ្នាំ២០២១-២០៣០ នៅទីស្ដីការក្រសួង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានឯកភាពចំពោះយោបល់ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាព ពិចារណាស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ៕ ដោយ៖ រិន ចំរើន