ភ្នំពេញ ៖ ក្រោយបញ្ចប់ជំនួបជាលើកដំបូងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃ២៨ វិច្ឆិកា លោក បណ្ឌិត យ៉ង សាំងកុមារ បានអះអាងថា គឺមានទស្សន:វិស័យដូចគ្នាទាក់ទងទៅនឹងបញ្ហាប្រឈម និងរកដំណោះស្រាយវិស័យកសិកម្មនៅកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់លោកបណ្ឌិត យ៉ង សាំងកុមារនាថ្ងៃទី២៨ វិច្ឆិកានេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកបានជួបសម្តេចនាយក រដ្ឋមន្រ្តី ដោយពិភាក្សាគ្នាអស់រយៈពេលប្រមាណជា២ម៉ោង ។ លោកថា ក្នុងជំនួបដ៏កម្រនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខ លំបាករបស់កសិករ ទស្សនវិស័យ និងវិធានការកែលម្អជាពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។
លោកបណ្ឌិតបន្ដថា «ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។
សូមរំលឹកថា បន្ទាប់ពីលោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានបាននាំគ្នាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារលោកទាំង២ពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្មដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានជួបពិភាក្សាជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម៕ ដោយ៖ រិន ចំរើន