កូនដើមកោងកាងចំនួន ៣០០០ ដើមត្រូវបានដាំ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ កូនដើមកោងកាងចំនួន ៣០០០ ដើមត្រូវបានដាំ ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។

ក្នុងទិវាអនាម័យបរិស្ថានប្រារព្ធនៅខេត្តកែបនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍សរុបជាង ២០០នាក់។

លោក នេត្រ ភក្ត្រា លើកឡើងថា ដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។

រដ្ឋលេខាធិការរូបនេះ បានឱ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ជាមួយនោះដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះ ប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ ខណៈដែលព្រៃកោងកាង ផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕ ដោយ៖ សៀង ហៃ