ប៉មមើលទេសភាពខេត្តកែប នឹងផ្តល់ទេសភាពដ៏ល្អប្រណីត ទាំងលំហសមុទ្រ ឆ្នេរប្រជុំកោះ និងសមុទ្រឈើខេត្តកែប

កែប៖ «ប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថានសម្រាប់ខេត្តកែបនឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែបពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប»។

ការថ្លែងបែបនេះ របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសសម្ពាធដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាពមួយកន្លែងនៅក្នុងឧទ្យានជាតិកែប កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

លោក នេត្រ ភក្ត្រា ចាត់ទុកប៉មមើលទេសភាព នេះថាជាសក្តានុពលថ្មីមួយទៀតរបស់ឧទ្យានជាតិកែបក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។

ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។

ជាមួយគ្នានេះ រដ្ឋលេខាធិការ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែបពីលើប៉មមើលទេសភាពដែលទើបសម្ពាធដាក់ឱ្យប្រើប្រាស់នេះ។ ទន្ទឹមនឹងនេះ លោក នេត្រភក្ត្រា បានស្នើឱ្យមន្ទីរបរិស្ថានខេត្តកែបដែលទទួលថែរក្សាក្នុងនាមរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានាដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យបានល្អបំផុត៕ ដោយ៖ សាន សៀងហៃ