សៀមរាប៖ អង្គការទំពាំងស្នងឫស្សី សហការជាមួយក្រសួងបរិស្ថានរៀបចំប្រារព្ធទិវាអនាម័យជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ និងបើកយុទ្ធនាការរបស់សហគមន៍បឹងទន្លេសាប ក្នុងការប្រមូលសំរាមប្លាស្ទិកជាផ្លូវការចាប់ពីថ្ងៃទី២៦វិច្ឆិកាតទៅ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី (NGO2) បានឱ្យដឹងថា បន្ទាប់ពីយុទ្ធនាការនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ ហើយនោះ អង្គការមូលនិធិទំពាំងស្នងឫស្សី និងអង្គការដៃគូឈ្មោះថា Ocean Recovery Alliance នឹងចាប់ផ្តើមគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀសឱ្យអនុវត្តន៍កម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិក (Waste Management and Harvest Plastice Program)។ យុទ្ធនាការនេះ ធ្វើឡើងនៅតាមផ្ទះបណ្ដែតទឹកជិត៧០០គ្រួសារ ដោយប្រើទូក និងឧបករណ៍ដួសសំរាម។ សកម្មភាពនេះ បែងចែកជាពីរក្រុម ដោយមួយក្រុម សម្រាប់ស្រង់សំរាមចេញពីទឹក និងមួយក្រុមទៀតជាយុវជន ស្ម័គ្រចិត្តចុះអប់រំតាម ខ្នងផ្ទះ ឱ្យពួកគាត់ដូរទម្លាប់ថ្មីឈប់បោះចោលសំរាមទៅក្នុងទឹក ដោយប្រកាសអនុវត្តន៍សាកល្បង គម្រោងប្រមូលយកសំរាម និងការគ្រប់គ្រងកាកសំណល់បរិស្ថាន ដោយមានកម្មវិធី ប្រចាំឆ្នាំនៅទីនោះផងដែរ។ យុទ្ធនាការនេះមានរយៈពេល៣ឆ្នាំ ក្រៅពីសហគមន៍ចុងឃ្នៀស អង្គការខាងលើក៏ជំរុញលើកទឹកចិត្តសហគមន៍បឹងទន្លេសាប ដទៃទៀតធ្វើការសម្អាតសំរាមប្លាស្ទិកប្រចាំឆ្នាំតាមសហគមន៍រៀងៗខ្លួនផងដែរ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការធ្វើយុទ្ធនាការនេះ ដើម្បីបំផុសចលនាលើកកម្ពស់អនាម័យបរិស្ថាន គ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប គ្រប់ជំនាន់។ ជាពិសេសចង់បង្ហាញនូវសារៈសំខាន់នៃការចូលរួមពីយើងទាំងអស់គ្នា ដើម្បីខេត្តសៀមរាបយើងស្អាត និងបៃតង។ ការប្រារព្វទិវានេះនឹងក្លាយជាចរន្ត ចលករដែលជំរុញឱ្យមានការផ្តើម ធ្វើសកម្មភាព មេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ លើការទុកដាក់សំណល់ដោយ មិនបោះពាសវាលពាសកាលនៅតាមទីសាធារណៈ ដោយប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកត្រូវចេះគ្រប់គ្រងនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យបរិស្ថាននៅភូមិបណ្តែតទឹកស្អាត៕ ដោយ៖ គង់ សេដ្ឋាមុនី