ក្រសួងបរិស្ថានប្ដេជ្ញាថា នឹងផ្ដល់ជម្រកសុវត្ថិភាពដល់សត្វដំរីអាស៊ី៦០០ក្បាលនៅកម្ពុជា

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថាបច្ចប្បន្នកម្ពុជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី និងខេត្តរតនគិរី។ ចំណែកដំរីស្រុកមានប្រមាណ ៧០ក្បាល។ ក្រសួងបរិស្ថានប្ដេជ្ញាថា នឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីការគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។

ការលើកឡើងបែបនេះ ក្នុងវគ្គបណ្តុះបណ្តាលជំនាញមួយស្តីពីវិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ដោយ លោក បន្ដអះអាងថា «យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិនានា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។

វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន»។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែល ៥០ភាគរយ ។ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជាច្រើនផងដែរ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។

Wildside Photography

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមានោះ

១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
ដោយ៖ សៀង ហៃ