រដ្ឋមន្ត្រីកសិកម្មណែនាំបងប្អូនឱ្យពិសារ គ្រំចំពុះទា

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំបងប្អូនឱ្យពិសារ គ្រំចំពុះទា ដែលភាសាអង់គ្លេសហៅថា Green mussels ឬ បារាំងហៅថា les moules ព្រោះ វាជាសត្វអាចចិញ្ចឹមបែបធម្មជាតិនៅសមុទ្រកោះកុងយើង ដោយគ្រាន់តែដាក់បង្គោលឱ្យតោង ហើយវាចេះរកចំណីធម្មជាតិដោយខ្លួនឯង ។

បើតាម លោក ឌិត ទីណា វិធីចម្អិនគ្រំចំពុះទាយ៉ាងសាមញ្ញមួយ ហើយដែលផ្តល់រសជាតិឆ្ងាញ់ ។

គ្រឿងផ្សំមានដូចខាងក្រោម:
– គល់ស្លឹកគ្រៃ (ដំឲ្យទក់បន្តិច) ២-៣គល់
⁃ ស្លឹកក្រូចសើច ៣-៤ សន្លឹកតាមចូលចិត្ត
⁃ អំបិល មួយចិបតូច
⁃ ស្រាស ទំពាំងបាយជូរ white wine
⁃ និងគ្រំចំពុះទា ១៥-២០ (សម្រាប់អ្នកញ៉ាំម្នាក់) បោចស្មៅជាប់មាត់វា និងដុះលាងឱ្យស្អាត។

វិធីចម្អិន :
ដាក់ទឹកបន្តិច (កន្លះថ្នាំងដៃពីបាតឆ្នាំង) បង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច អំបិល ។ រួចដាក់ដាំឱ្យពុះ ទើបដាក់គ្រឿងដែលមិនអាចខ្វះបានគឺ ស្រាស ទំពាំងបាយជូរ បន្ទាប់មកដាក់គ្រំចំពុះទាចូល និងថែមស្រាបន្តិច ហើយគ្របទុករហូតពិនិត្យឃើញគ្រំហាមាត់ ទើបបន្ថែមស្រាបន្តិចទៀត ហើយលើកមកបរិភោគ ក្តៅៗ ។ ទឹកស៊ុបក៏ហុតបាន ៕ ដោយ៖ ពុទ្ធិពល