កម្ពុជា-អាមេរិកផ្តោតសំខាន់លើ វិស័យការពារជាតិ និងសន្តិសុខ

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជានិងអាមេរិកបាន រួមសហការគ្នាផ្តោតសំខាន់លើវិស័យការពារជាតិ និងសន្តិសុខ ។

ការផ្តោតលើវិស័យទាំង២នេះ របស់ប្រមុខការពារប្រទេសទាំង២ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិខ្មែរ ជាមួយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកនាថ្ងៃ២២ វិច្ឆិកា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ទៀ បាញ់ ក្រោយបញ្ចប់កិច្ចជំនួបបង្ហាញខ្លឹមសារយ៉ាងខ្លីថា “ភាគីទាំងពីរកម្ពុជា-អាមេរិក បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍ទៅវិញទៅមក”។

ក្រៅពីបង្ហាញខ្លឹមសារខាងលើបន្តិចនេះហើយ ហ្វេស ប៊ុកសម្តេច ទៀ បាញ់ មិនបានឃើញលើកពីបញ្ហាកំពង់ផែរាម នៅព្រះសីហនុនោះទេ ខណៈភាគីអាមេរិកជារឿយៗតែងតែចង់ដឹងលឺពីកំពង់ផែមួយនេះ ក្រោយអាមេរិកបានចោទថា កម្ពុជាផ្តល់ឲ្យភាគីចិនបោះមូលដ្ឋានទ័ព។

សូមបញ្ជាក់ ក្នុងជំនួបដ៏កម្រនេះ ធ្វើឡើងនៅលើទឹកដីដ៏បវរខេត្តសៀមរាប ជាទីកន្លែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩៕ ដោយ៖ រិន ចំរើន