សម្តេចតេជោ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានធ្វើឡើងស្របពេលកំពុងកើនឡើងភាពមិនប្រាកដប្រជា ស្មុគស្មាញ និងមិនប្រក្រតីសន្តិសុខសកល

ភ្នំពេញ៖ “កិច្ចប្រជុំរបស់យើង(កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន)ត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខសកល និងបរិស្ថានសេដ្ឋកិច្ច” ។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ នាព្រឹកថ្ងៃ២៣ វិច្ឆិកា ។

សម្តេចតេជោក៏បានបន្តថា ការប្រកួតប្រជែងយ៉ាងស្រួចស្រាល និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និងថាមពល , ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាមបានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។

ទន្ទឹមនេះ សម្តេចថា បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក៏កាន់តែបង្ហាញច្បាស់ទាំងទំហំ និងភាពញឹកញាប់។

សម្តេចតេជោលើកឡើងទៀតថា ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេលដែលវិបត្តិដ៏ស្មុគស្មាញជាច្រើនបាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ, ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យអស់គ្នាទទួលរងនូវផលវិបាកដែរ ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានបន្ថែមថា នៅក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកមានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព៕ ដោយ៖ រិន ចំរើន