ម៉ារ៉ុក ចាត់ទុកកម្ពុជា ជាតំណាងឱ្យខ្លួននៅអាស៊ីអាគ្នេយ៍ និងម៉ារ៉ុកតំណាងឱ្យកម្ពុជានៅអាហ្រ្វិក

ភ្នំពេញ ៖ ប្រធានរដ្ឋសភា Rachid Talbi EL ប្រធានរដ្ឋសភាម៉ារ៉ុកបានអះអាងថា ម៉ារ៉ុកតែងតែចាត់ទុកកម្ពុជា ជាតំណាងឱ្យម៉ារ៉ុកនៅអាស៊ីអាគ្នេយ៍ និងម៉ារ៉ុកជាតំណាងឱ្យកម្ពុជានៅតំបន់អាហ្រ្វិក។

ការអះអាងរបស់លោកនេះ នៅក្នុងជំនួបជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃ២៣ វិច្ឆិកា។

ប្រធានរដ្ឋសភាម៉ារ៉ុកបានគូសបញ្ជាក់ទៀតថា សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ នាពេលអនាគត លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ ក្នុងនោះ ប្រទេសទាំងពីរអាចបង្កើតឱ្យមានស្ថានតំណាងម៉ារ៉ុកប្រចាំកម្ពុជា និងស្ថានតំណាងកម្ពុជាប្រចាំម៉ារ៉ុក។

នាឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានរំលឹកថា កម្ពុជា និងម៉ារ៉ុកបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៣។ ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយប្រហាក់ប្រហែលគ្នា និងជាសមាជិកនៃអង្គការអន្តរជាតិនិយាយភាសាបារាំងដូចគ្នា។

សម្តេច សាយ ឈុំបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា មានបំណងចង់ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាងសភាកម្ពុជា ជាមួយសភាម៉ារ៉ុក ជាពិសេស រវាងព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភាម៉ារ៉ុកឱ្យកាន់តែស៊ីជម្រៅ និងមានលទ្ធផលជាក់ស្តែងក្នុងពេលអនាគត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត បង្កើនកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភាទាំងពីរ ៕ ដោយ៖ រិន ចំរើន