ខេត្តព្រះវិហាររៀបចំទិវាស្រែ

ព្រះវិហារ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានរៀបចំធ្វើទិវាស្រែបង្ហាញរបស់កសិករ នៅជំហានទី៣ ដំណាក់កាលទី៤ ស្តីពីទិវាបង្ហាញការប្រមូលផលស្រូវ ដែលបានអនុវត្តការដាំដុះដំណាំគម្របដីរបស់កសិករ។

ទិវាស្រែបង្ហាញនាពេលនេះធ្វើឡើនៅភូមិបុះ ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគំរូមិត្តកសិករនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានវិស្វកម្មកសិកម្ម មន្រ្តីមជ្ឈមណ្ឌលសេវាកម្មអភិរក្ស ដោយមានការសម្របសម្រួលពីក្រុមការងារគំរូមិត្តកសិករ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការជាមួយមន្រ្តីគម្រោង WAT4CAM និងមន្រ្តីគម្រោង ASSET និងកសិករចូលរួម សរុប៤២នាក់ ស្ត្រី ១០នាក់។

គោលបំណងនៃការធ្វើទិវាស្រែបង្ហាញនេះ៖
ដើម្បីឲ្យកសិករ សេវាករ និង អ្នកពាក់ពន្ធ័ដទៃទៀតទទួលបាននូវបទពិសោធន៍ថ្មីៗនៃការដាំដុះដំណាំអោយបានទិន្នផលខ្ពស់ ចំណាយតិចសន្សំសំចៃពេលវេលា និងមាននិរន្តរភាពនៃការគ្រប់គ្រងជីជាតិដីយូរអង្វែងសំរាប់កូនចៅជំនាន់ក្រោយ។

ដើម្បីឱ្យកសិករបានឃើញផ្ទាល់ពីការប្រើប្រាស់ គ្រឿងម៉ាស៊ីនសមស្របសម្រាប់ច្រូតស្រូវ ដែលជាផ្នែកមួយនៃការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី លើទីវាលស្រែ កសិករបានចាប់អារម្មណ៍ និងបានទទួលយក នូវបច្ចេកទេសនេះទៅអនុវត្តដំបូងគេ និងមានគោលបំណង ឱ្យកសិករដែលមាចំណាប់អារម្មណ៍ទទួលស្គាល់ និងទទួលយកបច្ចេកទេសកសិកម្មអភិរក្ស និងអាចយកទៅអនុវត្តនតាម ស្រែរបស់កសិករខ្នាតតូចនៅក្នុងតំបន់៕ ដោយ៖ពុទ្ធិពល