ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សហការជាមួយ ប្រតិបត្តិករសកម្មភាពមីនជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន២១ ស្ថាប័ន នឹងមានការរៀបចំការតាំងពិព័រណ៍ជាសាធារ ណៈនូវខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ចំនួន៥២ ដាក់តាំងបង្ហាញ ជូន សាធារណជន ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍ជាផ្លូវការ នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សផងដែរ។
ការតាំងពិព័រណ៍នេះ នឹងអនុញ្ញាតឱ្យចូលរួមទស្សនាដោយសេរី និងមានដាក់តាំងបង្ហាញពីសមិទ្ធផលសកម្មភាពមីនរយៈពេល៣០ឆ្នាំ ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការ ប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ (សុនខ និងកណ្តុរ)។ បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់ បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕ដោយ៖ គង់ សេដ្ឋាមុនី