វេទិកាសាធារណៈរបស់ MRC នឹងធ្វើចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ នៅប្រទេសវៀតណាម ដើម្បី ពិភាក្សា ពី បញ្ហា ប្រឈមនានាលើ ការអភិវឌ្ឍ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា

ភ្នំពេញ៖ ក្នុងពេលឆាប់ៗនេះ គណៈកម្មការទន្លេមេគង្គ (MRC) នឹងរៀបចំវេទិកាភាគីពាក់ព័ន្ធប្រចាំ តំបន់លើកទី១៣ របស់ខ្លួន ដែលពេលនោះ MRC មិនត្រឹមតែផ្តល់ព័ត៌មានបច្ចុប្បន្ន ភាពពី គម្រោងទំនប់វារីអគ្គិសនីតាមដងទន្លេធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេគេក៏បង្ហាញជាពិសេសពីកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅជាមួយនឹងសកម្មជន ដែលតំណាងឱ្យ ប្រយោជន៍នៃក្រុមគ្រួសារនេសាទ និងកសិកររាប់លាននាក់ក្នុងតំបន់ទន្លេ មេគង្គនេះ ផង ដែរ។ វេទិកានេះ ចាប់ពី១២ ដល់១៣ ខែធ្នូ នឹងប្រារព្ធឡើងក្នុងទីក្រុងហូជីមិញ ប្រទេស វៀតណាម ហើយនឹងត្រូវផ្សាយបន្តផ្ទាល់ក្នុងពេលតែមួយតាមប្រព័ន្ធអនឡាញ។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា វេទិកា រយៈ ពេលមួយថ្ងៃកន្លះនេះ នឹងបើក បង្ហាញ នូវបញ្ហាប្រឈមជាច្រើន ដែលអាងទន្លេកំពុងជួបប្រទះ ក៏ដូចជាដំណោះស្រាយដែល បាន ស្នើផងដែរ ក្នុងនោះរួមមានការធ្វើឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ចពីការអភិវឌ្ឍ ធន ធានទឹក រហូតដល់ការកាត់បន្ថយផលប៉ះពាល់នានាឱ្យដល់កម្រិតទាបបំផុតលើ ប្រព័ន្ធអេកូ ឡូស៊ី ឬសហគមន៍តាមដងទន្លេ និងការគ្រប់គ្រងការខូចខាតបណ្តាលមកពីកត្តាមនុស្ស និង ការប្រែប្រួលអាកាសធាតុ។

«ខណៈដែលអ្នកចូលរួម នឹងទទួលបានព័ត៌មានបច្ចុប្បន្នភាពពីទំនប់វារីអគ្គិសនី មួយ ចំនួនតាមដងទន្លេមេគង្គ គេក៏មានឱកាសចែករំលែកពីទស្សនៈ ការព្រួយបារម្ភ និងមតិ យោ បល់ផ្សេងៗរបស់គេផងដែរ។ បន្ថែមពីនេះ អង្គការសង្គមស៊ីវិល (CSOs) កំពុងរៀប ចំ របៀបវារៈរួមគ្នាសម្រាប់ថ្ងៃទីពីរនៃវេទិកា ដែលនេះជាសញ្ញាមួយនៃកំណើនក្នុងការចូល រួម ផ្តល់មតិយោបល់ ក្នុងការរៀបចំអាទិភាពរបស់ MRC។ វាក៏បានឆ្លុះ បញ្ចាំង ពីគោលបំណង របស់ MRC ក្នុងការស្នើសុំមតិកែលម្អដែល អាចមាន និងការ ចូល រួមយ៉ាងស៊ីជម្រៅជា មួយ នឹង CSOs»។ នេះបើយោងតាមប្រសាសន៍របស់បណ្ឌិត អានុល័ក ខិធិឃួន នាយកប្រតិ បត្តិនៃលេខាធិការដ្ឋានMRC។
លោកបណ្ឌិត ខិធិឃួន ថ្លែងថា “អ្នកមិនអាចធ្វើអ្វីមួយឱ្យបានល្អប្រសើរតែម្នាក់ ឯង បានទេ ប៉ុន្តែយើងអាច ប្រសិនបើយើងធ្វើរួមគ្នា។ ទន្លេមេគង្គជាកម្មសិទ្ធរបស់ពលរដ្ឋ គ្រប់ គ្នា ដូច្នេះយើងមានទំនួលខុសត្រូវរួម មិនត្រឹមតែលើការអភិវឌ្ឍទន្លេនេះទេ ប៉ុន្តែថែម ទាំងគាំ ពារវាទៀតផង”។
 
ជាមួយគ្នានេះ នៅក្រោមប្រធានបទ “ការបង្កើតដំណោះស្រាយរួមគ្នា សម្រាប់ សុខភាពអាងទន្លេមេគង្គ”វេទិកានេះ តំណាងឲ្យផ្នែកមួយនៃបេសកកម្មរបស់MRC ដែលជា ស្ថាប័ន អន្តររដ្ឋាភិបាល រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម មានតួនាទីជា “មជ្ឈមណ្ឌលចំណេះដឹង” ប្រកបដោយតម្លាភាពមួយ និងវេទិកាសម្របសម្រួល “ការទូតទឹក”មួយ។
ក្រៅពីមន្ត្រី MRC និងតំណាងរដ្ឋាភិបាល ដែលនឹងចូលរួមវេទិកាលើកទី១៣ នេះ អ្នកចូលរួមផ្សេងទៀត រួមមានអ្នកអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី ដៃគូអន្តរជាតិ អ្នក ស្រាវ ជ្រាវ សកម្មជនមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍តាមដងទន្លេមេគង្គ។ កាល ពី មុនគេមើលឃើញ MRC ជា “ភាគីប្រឆាំង” ថ្មីៗនេះ MRC បានខិតខំបង្កើតនូវវេទិកាជាច្រើន សម្រាប់ការយល់ដឹងរួម ការចូលរួមពីភាគីពាក់ព័ន្ធ និងដើម្បីពង្រីកមតិយោបល់ផ្សេងគ្នាៗ លើវិស័យនេះទាំងមូល។

លោកបណ្ឌិត ខិធិឃួន បន្តទៀតថា “ខ្ញុំរីករាយនឹងបង្កើតឱ្យបានកាន់តែច្រើននូវ លំហ ស ម្រាប់ការចូលរួមកាន់តែស៊ីជម្រៅ។ យើងទទួលស្គាល់ពីតម្រូវការក្នុងការ កសាង ភាព ជឿជាក់ និងទំនុកចិត្ត ព្រោះថាអ្នកមិនអាចធ្វើការរួមគ្នា ដោយគ្មានទំនុកចិត្ត និង ការ យល់ដឹងពីបញ្ហាប្រឈមនានា ដែលភាគីនីមួយៗជួបប្រទះនោះទេ។ ដូច្នេះ យើងត្រូវ ធ្វើការ រួមគ្នា ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនេះ ដើម្បីទន្លេតែមួយគត់ របស់យើង”។

បើតាម MRC នៅក្នុងចំណោមរបៀបវារៈសំខាន់ៗ សិក្ខាកាមនឹងទទួល បានព័ត៌ មានពីរបកគំហើញដំបូងខ្លះៗនៃការសិក្សាស្រាវជ្រាវរួមដ៍សំខាន់ រវាងMRC និងមជ្ឈ មណ្ឌល ទឹកស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលតំណាងឱ្យប្រទេសតាមដង ទន្លេឡាងឆាង-មេគង្គទាំង៦។ ការសិក្សានេះ បានបង្ហាញនៅវេទិកាភាគីពាក់ព័ន្ធប្រចាំ តំបន់ លើកទី១២ កាលពីខែមិថុនា ដែលមានគោលបំណងស្វែងយល់ពីការប្រែ ប្រួលរបប រំហូរទឹក បង្កដោយអាកាសធាតុ និងការអភិវឌ្ឍ,បង្កើនការចែករំលែកព័ត៌មានពី ផលប៉ះ ពាល់ នៃប្រតិបត្តិការអាងស្តុកលើរំហូរទឹកទន្លេមេគង្គ ការបញ្ចេញទឹក និងគុណភាពទឹក, និងស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយ និងបន្សុំាទៅនឹងផលប៉ះពាល់នានា។ ទិន្នន័យ បែបនេះ ក៏បានដើរតួនាទីសម្រាប់ជូនពត័មានជាមុនដល់បណ្តាប្រទេស និងសហគមន៍ នៅផ្នែកខាងក្រោមទន្លេ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេរៀបចំផែនការទៅតាមការ ប្រែប្រួល នានា ឬទាញយកប្រយោជន៍ពីឱកាសណាមួយ។

សូមជម្រាបជូនថា សម្រាប់របៀបវារៈផ្សេងទៀតដែល នឹង លើកយកមកបង្ហាញ ពិភាក្សា ក្នុងអំឡុងពេលវេទិកា រួមមាន៖ ដំណើរការរបស់បណ្តាញ តាម ដានស្នូលសម្រាប់ ទន្លេ ការគាំពារសុខភាពទន្លេមេគង្គ, បច្ចុប្បន្នភាពពីគម្រោងទំនប់វារី អគ្គិសនី មួយចំនួន រួមទាំងទំនប់ដនសាហុង សាណាខាំ សេកុងអា និងគម្រោងទំនប់ភូងយ ដែលបានស្នើ, របៀបដែលការអភិវឌ្ឍទំនប់វារីអគ្គិសនីជះឥទ្ធិពលលើជលផល និងការ ចិញ្ចឹមជីវិត រួមទាំង យន្តការកាត់បន្ថយផលប៉ះពាល់ ប្រភពផ្សេងៗនៃប្រាក់ចំណូល និង ទម្រង់ ផ្សេងទៀតនៃ “ការរស់នៅប្រកបដោយចីរភាព”, វិធីពង្រឹងភាពជាដៃគូរវាង MRC, CSOs និងវិស័យ ឯកជន។ លើសពីនេះទៀតនោះ វិធីធ្វើការសម្រេចចិត្តឱ្យកាន់តែមានបរិយាប័ន្ន សម្រាប់ គម្រោង ដែលលើកកម្ពស់ភាពចម្រុះ និងសមភាពយេនឌ័រ៕ដោយ៖ គង់ សេដ្ឋាមុនី