ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជំរុញឱ្យកសិករខិតខំប្រឹងប្រែងផលិតស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ខណៈដែលទីផ្សារបរទេសឱ្យតម្លៃខ្ពស់ទៅលើអង្ករដែលមិនប្រើជីគីមី។
ថ្លែងក្នុងដំណើរចុះពិនិត្យពីសកម្មភាពទូទៅនៃការទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍ កសិកម្មលើកកម្ពស់កសិករស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ លោក គីម រិទ្ធី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កសិករសហគមន៍ ដែលបាននិងកំពុងមានសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលស្រូវសរីរាង្គ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា។
លោកអភិបាលខេត្តបានកត់សម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាកសិករ សហគមន៍មានភាពល្អប្រសើរច្រើន ដែលទាំងនេះក៏ដោយសារតម្លៃទីផ្សារកសិផលតាមរយៈការ ចុះកិច្ចសន្យាគឺមានភាពជាក់លាក់ និងមានតម្លៃខ្ពស់ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែង និងសម្រេចឱ្យបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញលើវិស័យកសិកម្ម។
ទន្ទឹមគ្នានេះដែរ លោក គីម រិទ្ធី ក៏បានផ្ដាំផ្ញើ និងជំរុញលើកទឹកចិត្ត ដល់កសិករ ទាំងអស់ បន្ដខិតខំប្រឹងប្រែងផលិតស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ធ្វើការ ផ្គត់ផ្គង់ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារក្រៅប្រទេស ខណៈដែលទាំងទីផ្សារអឺរ៉ុប អាម៉េរិក និង បណ្ដាប្រទេសជាច្រើនទៀត បានឱ្យតម្លៃទៅលើអង្ករដែលមិនប្រើជីគីមី ពិសេសគឺអង្ករសរីរាង្គ ដែលផលិតបាននៅក្នុងខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ទីផ្សារស្រូវសរីរាង្គរយៈពេល៦ទៅ៧ឆ្នាំកន្លងមកនេះ បានដំណើរការទៅយ៉ាង ល្អប្រសើរ ក្រោមការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង សហគមន៍កសិកម្មនៅមូលដ្ឋាន តួរយ៉ាងអង្កររីរាង្គដែលផលិតបាននៅខេត្តព្រះវិហារ បាននិង កំពុងទទួលស្គាល់ និងមានការពេញនិយមច្រើនសម្រាប់អតិថិជននៅក្រៅប្រទេស។
លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងបន្ថែមថា សម្រាប់ការប្រមូលផលស្រូវរដូវវស្សារបស់កសិករក្នុងខេត្តព្រះវិហារ នៅក្នុងឆ្នាំនេះ គឺទទួលបានផលល្អប្រសើរច្រើនបើធៀបទៅនឹងឆ្នាំកន្លងទៅ។
ពាក់ព័ន្ធនឹងការផលិតវិញ លោក ឌៀប ចម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម លើកកម្ពស់កសិករ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ សហគមន៍ដែលមានសមាជិកផលិតសរុប ៤៥៣គ្រួសារ នៅលើផ្ទៃដីជិត២ពាន់ហិកតា បានចុះកុងត្រាផ្គត់ផ្គង់ស្រូវ សរីរាង្គទៅអោយក្រុមហ៊ុនអឹមរុរ៉ាយស៍ ចំនួនជាង ២ ៥៩០ តោន ។ លោកបញ្ជាក់ថា ប្រជាសហគមន៍បានសម្ដែងនូវក្ដីរីករាយគ្រប់ៗគ្នា ដោយសារឆ្នាំនេះទិន្នផលក៏បានល្អប្រសើរ តម្លៃក៏ខ្ពស់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះស្រូវរដូវ វស្សានៅទូទាំងខេត្តព្រះវិហារ មាន ប្រមាណជាង ១០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលផលិតស្រូវ សរីរាង្គមានប្រមាណជា ២ម៉ឺនហិកតា មានកសិករផលិតប្រមាណ ៥ពាន់គ្រួសារ ដែលបានចុះកិច្ចសន្យាសម្រាប់លក់ទៅឱ្យក្រុមហ៊ុនចំនួន៤ លើបរិមាណជាង ២៥ ០០០ តោន៕ដោយ៖ គង់ សេដ្ឋាមុនី